ឃាត់ខ្លួនក្រុមម៉ូតូកង់បី១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នានៅក្រុងព្រះសីហនុ.!
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនក្រុមម៉ូតូកង់បីចណនូន ១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នា នៅក្រុងព្រះសីហនុ នៅម៉ោងប្រមាណ ៩យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
នៅថ្ងៃដដែលនេះ ប្រជាពលរដ្ឋ បានរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង ២ក្រុម បានរត់គេចខ្លួនបាត់អស់។
ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន ៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់ ៣ចំនួន ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់ ៣ចំនួន ៩នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់៣ ចំនួន ៩គ្រឿង បន្ថែមទៀត នៅចំណុចម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត។
បន្ទាប់ពី កម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន ១១នាក់បន្ថែមទៀត ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបានមនុស្សចំនួន ២៩នាក់ (ក្រុមម៉ូតូកង់បី១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់)។
សម្ភារវត្ថុតាងចាប់យកបានជាក់ស្តែង៖
* ម៉ូតូកង់៣ចំនួន ១៧គ្រឿង
* ម៉ូតូចំនួន ៧គ្រឿង
* ទូរស័ព្ទមួយចំនួន។
ចំពោះជនសង្ស័យចំនួន ២៩នាក់ ក្នុងនោះ រកឃើម្នាក់មានសារធាតុញៀនក្នុងទឹកនោម។ បច្ចុប្បន្ន ជនសង្ស័យទាំង២៩នាក់ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសាកសួរបន្តនីតិវិធីតាមផ្លូវច្បាប់៕