មន្ត្រីជិត៤០ម៉ឺននាក់ ប្រើបណ្តាញទំនាក់ទំនង CoolApp
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានប្រើប្រាស់កម្មវិធីផ្ញើសារ CoolApp កើនឡើងជិត ៤០ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្ត្រីទាំងអស់របស់គណបក្ស ប្រើប្រាស់កម្មវិធីផ្ញើសារនេះ។ នេះបើតាមសារព័ត៌មាន Fresh News ដែលគាំទ្របក្សកាន់អំណាច ផ្សាយនាថ្ងៃទី៣ កុម្ភៈ។
អ្នកជំនាញថា ការប្រើកម្មវិធី CoolApp គឺ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងមន្ត្រី។
កម្មវិធីទំនាក់ទំនង CoolApp ត្រូវបានបង្កើតឡើង ដោយលោក លឹម ជាវុត្ថា ដែលជាមនុស្សជំនិតរបស់មេដឹកនាំកម្ពុជា។ លោកក៏ជាអគ្គនាយកនៃអង្គភាពសារព័ត៌មាន Fresh News និងជាទីប្រឹក្សា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមសម្តីលោក លឹម ជាវុត្ថា ដែលដកស្រង់ផ្សាយដោយ Fresh News ថ្ងៃទី៣ ខែកុម្ភៈ ឲ្យដឹងថា ចាប់តាំងពីដាក់ឱ្យដំណើរការ រយៈពេលជាង ៦ខែកន្លងទៅនេះ កម្មវិធី CoolApp មានអ្នកប្រើប្រាសប្រមាណជិត ៤០ម៉ឺននាក់ហើយ ខណៈ CoolApp មិនបានតាមដាន មិនប្រមូល ឬរក្សាទុកទិន្ន័យអ្នកប្រើប្រាស់នោះឡើយ។
លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថា ទិន្ន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។
អ្នកជំនាញផ្នែកព័ត៌មានវិទ្យា (Information Technology- IT) ម្នាក់ បានឲ្យដឹងនៅថ្ងៃទី៣ ខែកុម្ភៈ ថា កម្មវិធី CoolApp គឺប្រហាក់ប្រហែលនឹងហ្វេប៊ុកដែរទេ ប៉ុន្តែត្រូវបានគេយកមកធ្វើតាមបែបថ្មី (Update) ជារបស់ខ្លួនឯង។
កម្មវិធីនេះ ត្រូវបានគេបង្កើតឡើងសម្រាប់ទំនាក់ទំនងការងារ និងគ្រប់គ្រងមន្ត្រីក្នុងគណបក្ស ហើយគ្មានសុវត្ថិភាព ក្នុងការប្រើប្រាស់ទេ ព្រោះការប្រាស្រ័យទាក់ទងគ្នាផ្ទៃក្នុង នឹងត្រូវគេដឹងទាំងអស់។
អ្នកជំនាញដដែល បញ្ជាក់ថា៖«ចង្កោមមួយ ដែលគេចងហើយ គេអ្នកបង្កើតហើយ បើគេមិនដឹងគេបង្កើតមកធ្វើអី។ ទិន្ន័យទាំងអស់នៅលើគេទាំងអស់ គេចង់ដឹងគេចង់ឱ្យនរណាគេម៉េច ក៏បានដែរ ព្រោះអីការងារអស់ហ្នឹង គេអ្នកគ្រប់គ្រង»។
ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមករា ក្នុងពិធីសន្និបាត គណបក្សប្រជាជនកម្ពុជា បានប្រាប់ឱ្យមន្ត្រីទាំងអស់ ងាកមកប្រើកម្មវិធី CoolApp ដែលបង្កើតឡើង ដោយកូនខ្មែរ ជាមោទនភាពជាតិខ្មែរ ដើម្បីមានភាពងាយស្រួលក្នុងទំនាក់ទំនងការងារ និងមានសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖«ដោយសារយើងមានប្រព័ន្ធទំនាក់ទំនងផ្ទាល់ របស់កម្ពុជា CoolApp ខ្ញុំសូមស្នើឱ្យគ្រប់ស្ថាប័ន និងបណ្តាខេត្ត-រាជធានី គឺដោនឡូត ឃូលអ៊ែបប្រើប្រាស់។ វាសុវត្ថិភាពជាង ការដែលយើងប្រើប្រាស់ របស់គេ។ បើមានឃូលអ៊ែប គឺយើងនឹងប្រើប្រាស់ទៅជាប្រព័ន្ធ របស់យើងដោយផ្ទាល់។ នេះជាមោទនភាព របស់ខ្មែរ»៕ រូបពី Fresh News