ជនជាតិចិនបាញ់គ្នា កក្រើកក្រុងព្រះសីហនុទាំងព្រឹក ប៉ូលិសស្ទុះជាន់ជើងគ្នាចុះបង្ក្រាប
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងព័ត៌មានបឋមថា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ មានករណីជនជាតិចិន បានប្រើប្រាស់អាវុធ បាញ់រះ និងប្រើហិង្សា រវាងជនជាតិចិន ជាមួយជនជាតិចិនដូចគ្នា នៅម៉ោងជាង ៧ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅជាប់បរិវេណទីតាំងកាស៊ីណូ មួយកន្លែង ស្ថិតក្នុងក្រុងព្រះសីហនុ បណ្តាលឱ្យជនជាតិចិនម្នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ភ្លាមៗនោះ សមត្ថកិច្ចចម្រុះ ក៏បានចុះទៅដល់កន្លែងកើតហេតុ ដែលមានទីតាំងនៅជាប់ មន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដើម្បីចុះបង្ក្រាប..។
កម្លាំងនគរបាលសង្កាត់១ បានឱ្យដឹងថា ករណីផ្ទុះអាវុធ និងប្រើហិង្សាខាងលើនេះ បណ្តាលឱ្យជនជាតិចិនម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហើយសមត្ថកិច្ច ក៏បានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន បានជាង ១០នាក់ ដែលត្រូវជាបក្ខពួក នាំយកទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោស។
យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាច សុំការបញ្ជាក់បន្ថែមពី លោក ស៊ុំ គារ៉ាវុធ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់លេខ១ បានទេ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈនេះ ដោយលោកបញ្ជាក់ខ្លីថា កំពុងដឹកនាំកម្លាំង ចុះស្រាវជ្រាវបទល្មើសខាងលើនេះ..។
ដោយឡែក អធិការនគរបាលក្រុងព្រះសីហនុ លោក តី វិសាល ក៏មិនទាន់សុំធ្វើអត្ថាធិប្បាយជុំវិញ ករណីជនជាតិចិន ផ្ទុះអាវុធ និងប្រើហិង្សា បណ្តាលឲ្យជនជាតិចិនម្នាក់ រងរបួសនេះដែរ ដោយឆ្លើយខ្លីថា កំពុងជាប់រវល់ប្រជុំ..៕