សមត្ថកិច្ចក្រុងបាវិត រំដោះជនរងគ្រោះបាន១៤នាក់ និងចាប់ខ្លួនជនសង្ស័យ១២នាក់

ខេត្តស្វាយរៀង ៖ ក្រោយមានការចែករំលែក វីដេអូឃ្លីបមួយ នៅលើបណ្តាញព័ត៌មានសង្គម បង្ហាញអំពីសកម្មភាព របស់មនុស្សមួយក្រុម ស្លៀកពាក់ ឈុតពណ៌ខ្មៅ បានវាយសំពងទៅលើជនជាតិបរទេស យ៉ាងកំរោល បន្ទាប់ពីព្យាយាមរត់ចេញ ទីតាំងអគារអនឡាញមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត រួចមក។  ពេលនេះ លោកអភិបាលរងខេត្តស្វាយរៀង គឺលោក ម៉ែន អេង បានឲ្យដឹងថា សមត្ថកិច្ច បានចុះបង្ក្រាបរំដោះជនរងគ្រោះចំនួន ១៤នាក់ និងចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់។

កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង នៃកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត , កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការ សម្របសម្រួលនីតិវិធីច្បាប់ពី លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ យីហោ “អេអាយកាំង” ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។

ជាលទ្ធផលតាមរយៈ កាមេរ៉ាសុវត្ថិភាព សមត្ថកិច្ច បានរំដោះ ជនជាតិវៀតណាមចំនួន ១៤នាក់ និងឃាត់ខ្លួនជនសង្ស័យ ជាកងសន្តិសុខ និងមេការសន្តិសុខ ក្នុងទីតាំងកើតហេតុចំនួន ១២នាក់។

របាយការណ៍ សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានជនជាតិខ្មែរ និងចិន រួមមាន៖ ឈ្មោះ ហ្គួ សុង ជនជាតិចិន, ឈ្មោះ លីវ វ៉ី ជនជាតិចិន, ឈ្មោះ ចូ ហុងពីង ជនជាតិចិន, ឈ្មោះ មីវ យៀនសិ ជនជាតិចិន, ឈ្មោះ ទេព មានុន ជនជាតិខ្មែរ, ឈ្មោះ ឆុន ពិសិទ្ធ ជនជាតិខ្មែរ, ឈ្មោះ ឡេង សុផាត ជនជាតិខ្មែរ, ឈ្មោះ ប៉ែន សំណាង ជនជាតិខ្មែរ, ឈ្មោះ សកា វែន ជនជាតិខ្មែរ, ឈ្មោះ ខែម ខួច ជនជាតិខ្មែរ, ឈ្មោះ ប៉ោ ភារម្យ ជនជាតិខ្មែរ, ឈ្មោះ ឃាន ប៉ាទី ជនជាតិខ្មែរ។

លោកអភិបាលរងខេត្តបន្តថា មកទល់ពេលនេះ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង