អ្នកដំណើរសច្ចាថា ឈប់ជិះយន្តហោះក្រុមហ៊ុន Sky Angkor Airlines ខណៈ Pilot ឈ្លោះគ្នា ធ្វើឲ្យអ្នកដំណើរជាង២០០នាក់ ភ័យស្លន់ស្លោនៅលើយន្តហោះ នាព្រលានសុវណ្ណភូមិ ត្រៀមហោះមកក្រុងភ្នំពេញ
ក្រុងបាងកក-ថៃ ៖ អ្នកដំណើរ ជាង ២០០នាក់ ផ្អើលភ័យស្លន់ស្លោលើយន្តហោះ ខណៈ ពីឡុត (Pilot) ឬអ្នកបើកយន្តហោះ ២នាក់ របស់ក្រុមហ៊ុន Sky Angkor Airlines ឈ្លោះប្រកែកគ្នា មុនពេលជើងហោះហើរ ZA 679 ត្រៀមហោះចេញពីអាកាសយាន្តដ្ឋានសុវណ្ណភូមិ ក្រុងបាងកក ប្រទេសថៃ ឆ្ពោះមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ៩ និង៥នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
លោក ចាន់ សុភាព ក៏ជាអ្នកដំណើរម្នាក់ ស្ថិតក្នុងចំណោម អ្នកដំណើររាប់រយនាក់ទៀត ដែលស្ថិតក្នុងហេតុការណ៍នោះ បានឲ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងថា “ពីឡុតឈ្លោះប្រកែកគ្នា ខណៈយន្តហោះត្រៀម ចេញដំណើរនេះ បានបង្កឲ្យមានសំឡេងរំខាន រញ៉េរញ៉ៃពេញយន្តហោះ។ ហើយអំឡុងពេលនោះ ក៏មានសកម្មភាព ជាន់ហ្វ្រាំងយន្តហោះ ២ ទៅ ៣ដង ធ្វើឲ្យអ្នកដំណើរភ័យស្លន់ស្លោ ព្រលឹង ចេញពីខ្លួន ទៅទទួលទានព្រលឹតអស់ ព្រោះយន្តហោះ ត្រៀមហោះឡើងលើអាកាស ទៅហើយនោះ ..”។
ប្រភពព័ត៌មាន បន្តទៀតថា ខណៈអំឡុងពេល ពីឡុត ឈ្លោះប្រកែកគ្នានោះ ក៏មានអ្នកដំណើរ ចេះនិយាយភាសាថៃម្នាក់ បានទូរស័ព្ទប្រាប់ប៉ូលិសថៃ ឲ្យបញ្ឈប់យន្តហោះជើងហោះហើរ ZA 679 ដើម្បីផ្អាកការហោះហើរជាបន្ទាន់..។
អ្នកដំណើររូបនេះ បន្តថា បន្តបន្ទាប់ក្រោយមក ខាងព្រលានយន្តហោះ ក៏បានចេញមកសម្របសម្រួល រួចនាំយករថយន្តក្រុងចំនួន ២គ្រឿង មកដឹកអ្នកដំណើរ ចេញពីយន្តហោះ ឆ្ពោះទៅកន្លែងសម្រាក ដើម្បីរង់ចាំ យកយន្តហោះថ្មី ផ្សេងមួយទៀត មកដឹកអ្នកដំណើរ…។
លោក ចាន់ សុភាព ឲ្យដឹងដូច្នេះ រួចរំលឹកដល់ទិដ្ឋភាព នៅលើយន្តហោះបន្តទៀតថា៖ “វាជាសកម្មភាពមួយ ដែលតក់ស្លុត និងរន្ធត់បំផុត ខណៈរូបគាត់ រួមជាមួយភរិយា និងកូន កំពុងជិះនៅលើយន្តហោះ ដែលមាន ពីឡុតឈ្លោះប្រកែកគ្នានោះ..”។
អ្នកដំណើរដដែលបញ្ជាក់ថា យន្តហោះ ដែលមាន ពីឡុតឈ្លោះគ្នានោះ គឺមកពី ក្រុមហ៊ុន Sky Angkor Airlines ជើងហោះហើរ ZA 679 ត្រៀមហោះចេញ ពីព្រលានយន្តហោះ សុវណ្ណភូមិ របាងកក រឆ្ពោះថៃ ឆ្ពោះមកកាន់ រាជធានីភ្នំពេញ នៅម៉ោង ៩និង០៥នាទី យប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
បន្ថែមលើនេះ ក្រុមអ្នកដំណើរជនជាតិខ្មែរ ភាគច្រើន បានរអ៊ូរទាំ និងស្បថសច្ចាថា៖ ” នៅថ្ងៃអនាគត ឬខាងថ្ងៃខាងមុខៗ នឹងឈប់ប្រើប្រាស់សេវាកម្ម ឬឈប់ជិះយន្តហោះ របស់ក្រុមហ៊ុន Sky Angkor Airlines នេះ ជាបន្តទៀតហើយ ព្រោះបទពិសោធន៍ Pilot បង្កជម្លោះ ក្នុងពេលយន្តហោះ ត្រៀមនឹងហោះឡើងទៅលើអាកាសនេះ ធ្វើឲ្យអារម្មណ៍ពួកគាត់ ភ័យតក់ស្លុត ស្លន់ស្លោ លោះព្រលឹងមិនតិចទេ។ ដូច្នេះ សូមកាត់កន្ទុយលាបកំបោរ ដើម្បីកត់ចំណាំទុក និងផ្តាំផ្ញើ តកូន តចៅ កុំឲ្យបន្តជិះយន្តហោះ របស់ក្រុមហ៊ុន Sky Angkor Airlines នេះតទៅទៀត”៕