គោរម្យងារ«ឧកញ៉ា»ត្រូវមាន៖ “សីលធម៌ សុជីវធម៌ គុណធម៌ មិនពុករលួយ មិនកេងប្រវ័ញ្ចសម្បត្តិជាតិ និងធនធានធម្មជាតិ ធ្វើជាគំរូដល់សង្គម និងគោរពច្បាប់” មិនមែនជើងកាងទេ!
ខេត្តព្រះសីហនុ ៖ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ទ្រង់បានសរសេរក្នុងវចនានុក្រមភាសាខ្មែរ ថា ៖
«អ្នកស្គាល់ការគោរពព្រះព្រហ្ម ឬព្រះឥសូរ» មានន័យថា អ្នកដឹងបាប ដឹងបុណ្យ។ «អ្នកស្គាល់ការស្ដីនិយាយ» មានន័យថា អ្នកនិយាយដឹងខុស ដឹងត្រូវ ប្រកបដោយសីលធម៌ សុជីវធម៌ និងមានគុណធម៌ មិនកេងប្រវ័ញ្ច មិនពុករលួយ និងគោរពច្បាប់។
ជាងនេះទៀត គោរម្យងារ «ឧកញ៉ា លោកអ្នកឧកញ៉ា អ្នកឧកឧញ៉ា» ត្រូវបានប្រោសប្រទានដោយអង្គព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះអ្នក ដែលទទួលបាន នូវគោរម្យងារនេះ ត្រូវតែបដិបត្តិខ្លួនឱ្យបានត្រឹមត្រូវ ឱ្យស័ក្តិសមបំផុត ដោយត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ស្អាតស្អំ មិនពុករលួយនិងមិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិនិងធនធានធម្មជាតិ ធ្វើជាគំរូដល់សង្គម និងគោរពច្បាប់។
កន្លងមកនេះ យើងសង្កេតឃើញ មានឧកញ៉ាខ្លះ មិនបដិបត្តិខ្លួនឱ្យស័ក្តិសមតាមនិយាម និងក្រឹត្យ ដូចជាប្រើអំពើហិង្សាទៅលើស្រ្តីភេទ ជេរប្រមាថអ្នកដទៃ កាប់បំផ្លាញព្រៃឈើ ជួញដូរគ្រឿងញៀន អត្តចរិតកោងកាច ក្អេងក្អាង បំពារបំពានអ្នកដទៃ ជាដើម..។ល។ ជាងនេះទៀត ក៏បានសង្កេតឃើញប្រមុខរាជរដ្ឋាភិបាល ទូលថ្វាយសុំអង្គព្រះមហាក្សត្រ ដកហូតគោរម្យងារនេះមកវិញជាបន្តបន្ទាប់ដែរ។
ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ននេះ គេនៅសង្កេតឃើញនៅមានឧកញ៉ាខ្លះ បានបន្តធ្វើអំពើមិនល្អនៅឡើយ..៕