គម្រោងស្ថាបនាផ្លូវ២ឃុំ ក្នុងស្រុកពញាក្រែក បានដាក់ឲ្យដេញថ្លៃ ដោយតម្លាភាព
ខេត្តត្បូងឃ្មុំ ៖ គម្រោងអភិវឌ្ឍផ្លូវក្នុងឃុំចំនួន២ គឺឃុំពរពេល និងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឱ្យដេញថ្លៃ ដើម្បីស្ថាបនា បម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ប្រកបដោយ តម្លាភាព និងយុត្តិធម៌ ក្រោមវត្តមាន របស់អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេស និងលោកមេឃុំ ទាំង២ ដែលជាប្រធានគណៈកម្មការលទ្ធកម្ម រួមទាំងអ្នកសារព័ត៌មានជាច្រើនអង្គភាពចូលរួម ។
មុនដំណើរការដាក់ឱ្យដេញថ្លៃ លោកមេឃុំ តំណាងគណៈកម្មការលទ្ធកម្មឃុំទាំង២ បានលើកឡើងថា ក្នុងនាមប្រធានគណៈកម្មការលទ្ធកម្ម សុំស្នើដល់ ដល់ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃ ត្រូវរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងគោរពតាមនិតិវិធី ផ្សេងៗ របស់ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីធានាបានតម្លាភាព យុត្តិធម៌ គុណភាព និងទទួលយកបានទាំងអស់គ្នា។
បន្ទាប់ពីបានដំណើរការដាក់សំណើដេញថ្លៃ ដោយអនុវត្តន៍គោរពតាមគោលការណ៍ បានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនិធិឃុំ រួចមក លោកមេឃុំជីគរ ក៏បានជម្រុញដល់តំណាងក្រុមហ៊ុន ដែលទទួលបានសិទ្ធិទទួលការទាំង២ ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ជូន ប្រជាពលរដ្ឋបានយូអង្វែង ។
សូមជម្រាបថា ការដេញថ្លៃនៃគម្រោងមូលនិធិអភិវឌ្ឍឃុំជីគរ គម្រោងទី ១ ស្ថិតនៅឃុំកោងកាង ជាប្រភេទផ្លូវក្រាលគ្រួសក្រហម មានប្រវែង ១ គីឡូម៉ែត្រ បានទៅលើក្រុមហ៊ុន លី ឈួន និងគម្រោងទី២ ស្ថិតនៅឃុំពពេល ជាប្រភេទផ្លូវបេតុង មានប្រវែង ២០០ ម៉ែត្រ បានទៅលើក្រុមហ៊ុន ហាវ ហេង ជាអ្នកទទួលជាអ្នកសិទ្ធិស្ថាបនា ៕