ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នឹងសាងសង់រួច ចុងឆ្នាំ២០២៥នេះ

ខេត្តក្រចេះ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ប្រវែង ១.៧៦១ម៉ែត្រ, ផ្លូវមេ តភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើត ប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន ៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៥៥,២៧%។

default

មន្ត្រីនាំពាក្យ លោក ផន រឹម បញ្ជាក់ក្នុងសារបង្ហោះតាមហ្វេសប៊ុក នៅថ្ងៃទី១០ ខែមករាថា “បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥នេះ”។

លោក បន្តថា គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹម រវាងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋ ដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។

គម្រោងនេះ គឺជាផ្នែកមួយ នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយ ផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិច តភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈ ផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ចំណែកឯត្រើយខាងកើតវិញនោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង