លោក Biden និងលោក Xi ជួបពិភាក្សាគ្នាមុនកិច្ចប្រជុំ នៃក្រុមប្រទេស G-20 ចូលមកដល់
ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅខាងក្រៅកិច្ចប្រជុំកំពូល នៃក្រុមប្រទេស G-20 នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មនារមណីយដ្ឋាន NUSA DUA ប្រទេសឥណ្ឌូណេស៊ី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានជួបពិភាក្សាគ្នានៅថ្ងៃចន្ទ ទី១៤ វិច្ឆិកានេះ នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី មុនពេលកិច្ចប្រជុំ នៃក្រុមប្រទេស G-20 ចូលមកដល់នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកាស្អែកនេះ។
ជំនួបនេះ ស្របពេលទំនាក់ទំនង រវាងប្រទេសទាំងពីរ បានធ្លាក់ចុះទាបបំផុតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទាក់ទិននឹងបញ្ហាកោះតៃវ៉ាន់ បញ្ហាពាណិជ្ជកម្ម និងបញ្ហាផ្សេងៗទៀត។
នេះបើយោងតាម សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping បានញញឹមនៅពេលចាប់ដៃស្វាគមន៍គ្នាយ៉ាងកក់ក្ដៅនៅពីមុខដងទង់ជាតិសហរដ្ឋអាមេរិក និងចិន ក្នុងសាលប្រជុំ នៃសណ្ឋាគារ Mulia នៅរមណីយដ្ឋាន Nusa Dua នៃកោះ Bali។
នាឱកាសនោះ លោក Biden បាននិយាយថា៖ «យើងបានចំណាយពេលជាច្រើន ជាមួយគ្នាកាលពីអតីតកាលនៅពេលយើងទាំងពីរ ធ្វើជាអនុប្រធានាធិបតី។ [ឥឡូវនេះ] វាអស្ចារ្យណាស់ ដែលបានជួបលោកម្ដងទៀត»។
លោក Biden បានបន្ថែមនៅក្នុងការលើកឡើងនៅពីមុខក្រុមអ្នកកាសែតថា លោកតាំងចិត្តនៅក្នុងការរក្សាខ្សែទំនាក់ទំនងឱ្យនៅបើកចំហទាំងកម្រិតផ្ទាល់ខ្លួន និងទាំងកម្រិតរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «ក្នុងនាមជាមេដឹកនាំ នៃប្រទេសយើងទាំងពីរ ខ្ញុំគិតថា យើងមានកាតព្វកិច្ចរួមនៅក្នុងការបង្ហាញថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចគ្រប់គ្រងទស្សនៈផ្ទុយគ្នា របស់យើង បង្ការការប្រកួតប្រជែង មិនឱ្យក្លាយទៅជាជម្លោះ និងស្វែងរកវិធីធ្វើការជាមួយគ្នា លើបញ្ហាបន្ទាន់នានា នៅលើសាកលលោក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការរបស់យើងទៅវិញទៅមក»។
លោក Biden បានលើកឡើងអំពីបញ្ហាប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀងអាហារ ថាជាបញ្ហាដែលពិភពលោករំពឹងឱ្យសហរដ្ឋអាមេរិក និងប្រទេសចិនដោះស្រាយ។
ជាការឆ្លើយតប លោក Xi Jinping បងានបញ្ជាក់ប្រាប់ទៅលោក Biden វិញថា ទំនាក់ទំនង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅពេលឥឡូវនេះ មិនដូចការរំពឹងទុក របស់ពិភពលោកនោះទេ។
លោក Xi បញ្ជាក់ទៀតថា៖ «ដូច្នេះយើងចាំបាច់ ត្រូវត្រួសត្រាយផ្លូវត្រឹមត្រូវ សម្រាប់ទំនាក់ទំនង រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវស្វែងរកទិសដៅត្រឹមត្រូវឆ្ពោះទៅមុខ សម្រាប់ទំនាក់ទំនងទ្វេភាគីនិងលើកកម្ពស់ទំនាក់ទំនងនេះ»។
លោក Xi បានបន្តថា៖ «ពិភពលោករំពឹងថា ប្រទេសចិននិងសហរដ្ឋអាមេរិក នឹងចាត់ចែងទំនាក់ទំនង របស់ប្រទេសទាំងពីរឱ្យបានត្រឹមត្រូវ»។
លោកបន្ថែមថា លោកទន្ទឹងរង់ចាំធ្វើការជាមួយនឹង លោក Biden ដើម្បីធ្វើឱ្យទំនាក់ទំនង រវាងប្រទេសចិន និងសហរដ្ឋអាមេរិកត្រឡប់មករកផ្លូវត្រូវវិញ៕ ប្រភព ៖ VOA