បើកព្រឹត្តិការណ៍កីឡាបាល់ទាត់ ពិធីបុណ្យរ៉ាម៉ាឌន ឆ្នាំ២០២៥ ក្នុងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ រដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ឯកនិងលោក ប៉ែន កុសល្យ អភិបាលនៃគណៈខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី នៃពិធីបើកព្រឹត្តការណ៍កីឡាបាល់ទាត់ ដើម្បីអបអរសាទរ ពិធីបុណ្យរ៉ាម៉ាឌន ឆ្នាំ២០២៥ នៅទីលានប្រកួតបាល់ទាត់ភូមិខ្ពបទី២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះ លោកស្រី ដាំ ដារីនី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បានប្រែក្លាយកម្ពុជា ទៅជាមូលដ្ឋានគ្រឹះ នៃភាពរីកចម្រើន របស់ប្រទេសជាតិ និងជានិមិត្តរូបនៃភាពធន់។

ជាមួយគ្នានេះ កម្ពុជា ក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ កំពូលឥស្លាម ដែលរៀបចំដោយ អង្គការសម្ព័ន្ធពិភពឥស្លាម ក្រោមប្រធានបទ “ឥស្លាម និងពុទ្ធសាសនា” នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ។

ទន្ទឹមនេះ គ្រប់បណ្តាវិស័យទាំងអស់មានភាពរីកចម្រើន ជាក់ស្តែងដូចព្រឹត្តការណ៍ប្រកួតកីឡា នៅថ្ងៃនេះ គឺព្រោះមានសុខសន្តិភាព ទើបយើងអាចលេងកីឡាបាន ស្រមតាមពាក្យស្លោក “កីឡារស់ក្រោមដំបូលសន្តិភាព”។ ជាមួយគ្នានោះ លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមញ៉ាំងព្រឹត្តការណ៍ កីឡានេះឱ្យមានភាពសប្បាយរីករាយ។ ជាមួយគ្នានេះ លោកស្រី ក៏សំណូមពរឱ្យក្រុមកីឡាករទាំងអស់ កុំបង្កកីឡាឱ្យក្លាយទៅជាជម្លោះ រវាងគ្នានិងគ្នា ព្រោះយើងសុទ្ធសឹងតែជាខ្មែរដូចគ្នា។ ដូចនេះ សូមមានការរួបរួមសាមគ្គីគ្នា និងញ៉ាំងព្រឹត្តការណ៍នេះ ឱ្យមានភាពរលូន ។


ចំណែក លោក ប៉ែន កុសល្យ បានសំណូមពរ ឱ្យមានការរៀបចំព្រឹត្តការណ៍នេះ ជារៀងរាល់ឆ្នាំ ខណៈ ទីតាំង នៃការរៀបចំនេះ និងដាក់ជាទីតាំងដី របស់សហគមន៍ខ្ពប២ ដែលអនុញ្ញាតិឱ្យ បងប្អូនប្រជាពរលរដ្ឋ នៅក្នុងសហគមន៍ទាំងអស់ រៀបចំជាទីកន្លែង សម្រាប់ប្រើប្រាស់រួមគ្នាក្នុងសហគមន៍ ។

ទាក់ទិនបញ្ហានេះដែរ លោក មហាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តការណ៍ ប្រកួតកីឡាបាល់ទាត់នេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែក្នុងសម័យកាលរីករាលដាល នៃជំងឺ កូវីដ-១៩ ដែលយើងខកខាន។ ហើយព្រឹត្តការនេះដែរ គឺដើម្បីអបអរសាទរ ពិធីបុណ្យ រ៉ាម៉ាឌន ក៏ដូចជាលើកកម្ពស់វិស័យកីឡា នៅក្នុងសហគមន៍ ឱ្យកាន់តែល្អប្រសើរជាងមុន។

លោកបន្តថា នៅក្នុងឆ្នាំនេះដែរ ការប្រកួតកីឡាបាល់ទាត់នេះ មានក្រុមបាល់ទាត់ចំនួន ១៦ក្រុម បានចុះឈ្មោះចូលរួម ដើម្បីដណ្តើមជ័យលាភីពានរង្វាន់ “រ៉ាម៉ាឌន” រដូវកាលទី១១នេះ។

ដោយឡែកក្នុងឆ្នាំ២០២៥នេះ មិនត្រឹមតែមានព្រឹត្តការណ៍ ប្រកួតកីឡាបាល់ទាត់ទេ យើងនៅមានការរៀបចំពិព័ណ៌ផលិតផលចំនួន ១៥០ស្តង់ ដែលជាទម្រង់លើកកម្ពស់ សេដ្ឋកិច្ច ផលិតផល របស់សហគមន៍  និងវេទិការអប់រំឥស្លាម ត្រៀមទទួលស្វាគមន៍ ខែរ៉ាម៉ាឌន២០២៥ ដើម្បីជំរុញលើកទឹកចិត្ត ឱ្យមានភាពផុលផុស នៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង