កាន់អំណាច២០ថ្ងៃ លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិប្រមាណ៦០ ដែលគ្រប់អតីតប្រធានាធិបតីអាមេរិក មិនធ្លាប់អនុវត្ត

អាមេរិក ៖ ស្បថចូលកាន់អំណាច នៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៥ និងកាន់អំណាចពេញលេញ រយៈពេលត្រឹម ២០ថ្ងៃរាប់ទាំងថ្ងៃនេះ សម្រាប់អាណត្តិទី២ លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រមាណ៦០ ដែលគ្រប់អតីតប្រធានាធិបតីមិនធ្លាប់អនុវត្ត។

ការសម្រេច របស់លោក ដូណាល់ ត្រាំ បានបង្កឲ្យមានការភ្ញាក់ផ្អើលនិងរំជើបរជួលយ៉ាងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយលោកបានអង្រួនពិភពលោក ឲ្យតាមដានកិច្ចការ របស់លោកជាប្រចាំ និងប្រតិកម្មតបតវិញ ឥតឈប់ឈរ។

បទបញ្ជាប្រតិបត្តិ ដែលអ្នករិះគន់ប្រឆាំង ប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លើសពីសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញ ដែលផ្តល់ឲ្យលោកធ្វើ ដោយរាប់ចាប់ពីការដាក់ពន្ធលើប្រទេសម៉ិកស៊ិក ចិន និងកាណាដា ការផ្អាកជំនួយបរទេស ការបិទភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ការបង្រ្កាប លើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការហាមប្រាមអ្នកប្តូរភេទបម្រើក្នុងជួរយោធា និងការប្រើប្រាស់មូលនិធិសហព័ន្ធ សម្រាប់ការថែទាំសុខភាព ដែលបញ្ជាក់ពីយេនឌ័រសម្រាប់អនីតិជន និងបញ្ហាជាច្រើនទៀត។

គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ យ៉ាងហោចណាស់បទបញ្ជាប្រតិបត្តិ៥៩ ត្រូវបានចុះហត្ថលេខាដោយ ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងរយៈពេលមិនដល់ ១ខែផង ដែលក្លាយទៅជាប្រធានាធិបតី ដែលចេញបទបញ្ជាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការចេញបទបញ្ជា របស់ប្រធានាធិបតី ដូណាល់ ត្រាំ នាំភាពចម្រូងចម្រាសទាំងក្នុងសហរដ្ឋអាមេរិកផង និងក្នុងពិភពលោកផង ដោយក្នុងនោះកម្លាំងនៃការតវ៉ា ក៏បានលេចឡើងជាបណ្តើរៗ និងឈានទៅរកទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក។

នៅក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា នៃគណបក្សប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតលោក ដូណាល់ ត្រាំ ត្រឹមជាង ២លានសំឡេងនោះ បានហៅការចេញបទបញ្ជាមួយចំនួន របស់លោក ដូណាល់ ត្រាំ ថា ជា «វិបត្តិរដ្ឋធម្មនុញ្ញ» របស់សហរដ្ឋអាមេរិក ជាពិសេសនៅពេលលោកបានបញ្ជាឲ្យបិទការិយាល័យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ របស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថា «USAID»។

ផ្នែកតុលាការយុត្តិធម៌ ក៏បានចាប់ផ្តើមធ្វើការងារ ដោយចៅក្រមនៃរដ្ឋមួយចំនួន បានចេញសាលក្រមច្រានចោលការអនុវត្តបទបញ្ជា របស់លោក ដូណាល់ ត្រាំ ហើយអគ្គមេធាវីតាមបណ្តារដ្ឋផ្សេងៗយ៉ាងហោច ១៨ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបទបញ្ជា របស់លោក ដូណាល់ ត្រាំ ដោយអះអាងថា «វាអធម្មនុញ្ញភាព»។

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ចៅក្រមសហព័ន្ធនៅក្នុងរដ្ឋយ៉ាងហោចណាស់៣ រួមមាន៖ រដ្ឋវ៉ាស៊ីនតោន រដ្ឋម៉ារីលែន និងរដ្ឋញូវហាំសៀ បានចេញសេចក្តីសម្រេច រារាំងបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងគោលបំណងបញ្ចប់សិទ្ធិទទួលបានសញ្ជាតិពីកំណើត សម្រាប់កុមារដែលកើតនៅសហរដ្ឋអាមេរិក ចំពោះឪពុកម្តាយ ដែលមិនមែនជាពលរដ្ឋ អាមេរិក។ ចំណាត់ការ របស់តុលាការទាំងនេះ បានបញ្ឈប់ជាបណ្តោះអាសន្ននូវ ការអនុវត្តដីកាប្រតិបត្តិទូទាំងប្រទេស។

បន្ថែមពីលើករណីសហព័ន្ធទាំងនេះ អគ្គមេធាវីរដ្ឋចំនួន១៨ បានដាក់ពាក្យប្តឹងជំទាស់នឹងបទបញ្ជាប្រតិបត្តិ ដោយចៅក្រមសហព័ន្ធ នៅទីក្រុងបូស្តុន បច្ចុប្បន្នកំពុងពិចារណាលើសំណើ របស់ពួកគេ ក្នុងការទប់ស្កាត់វា។ នេះបង្ហាញថា ចៅក្រមនៅក្នុងរដ្ឋជាច្រើន កំពុងពិនិត្យយ៉ាងសកម្ម ហើយក្នុងករណីខ្លះ បញ្ឈប់ការអនុវត្ត បទបញ្ជាប្រតិបត្តិនោះតែម្តង។

តាមការចេញផ្សាយ របស់សារព័ត៌មាន New York Times អនុប្រធានាធិបតី JD Vance បានប្រកាសថា៖ «ចៅក្រមមិនត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រងអំណាចស្របច្បាប់ របស់អំណាចប្រតិបត្តិឡើយ» ដោយផ្តល់ការព្រមានដល់តុលាការសហព័ន្ធ ចំពោះសេចក្តីសម្រេច របស់តុលាការ ដែលមានទិដ្ឋភាពមិនច្បាស់លាស់ នៃរបៀបវារៈ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

យោងការចេញផ្សាយ ដាច់ដោយឡែកមួយទៀត របស់ NYT ដោយដកស្រង់ការលើកឡើង របស់ព្រឹទ្ធបុរស នៃសាលាច្បាប់មកពីសាកលវិទ្យាល័យ Berkeley កាលីហ្វ័រញ៉ា លោក Erwin Chemerinsky បាននិយាយថា៖ «យើងកំពុងស្ថិតក្នុងវិបត្តិរដ្ឋធម្មនុញ្ញឥឡូវនេះ។ មានសកម្មភាពខុសរដ្ឋធម្មនុញ្ញ និងខុសច្បាប់ជាច្រើនក្នុងរយៈពេល១៨ថ្ងៃ ដំបូងនៃអាណត្តិប្រធានាធិបតី ត្រាំ។ យើងមិនដែលឃើញបែបនេះទេ»។

ចំណែកឯ សារព័ត៌មាន NBC NEWS បានចុះផ្សាយនូវការកត់ត្រាប្រៀបធៀប នៃការចេញបទបញ្ជារបស់ប្រធានាធិបតីមុនៗ ក្នុងរយៈពេល ១០០ថ្ងៃ បង្ហាញឲ្យឃើញថា អតីតប្រធានាធិបតី Ronald Reagan បានចេញបទបញ្ជាប្រតិបតិ្តចំនួន១៨។ អតីតប្រធានាធិបតី George H.W.Bush បានចេញបទបញ្ជាប្រតិបត្តិចំនួន ១១។ អតីតប្រធានាធិបតី Bill Clinton បានចេញបទបញ្ជាប្រតិបត្តិ ចំនួន១៣។ អតីតប្រធានាធិបតី George W. Bush បានចេញបទបញ្ជាប្រតិបត្តិចំនួន១១។ អតីតប្រធានាធិបតី Barak Obama បានចេញបទបញ្ជាប្រតិបត្តិចំនួន១៩។ ក្នុងអាណត្តិទី១ ប្រធានាធិបតី ដូណាល់ ត្រាំបានចេញបទបញ្ជាប្រតិបត្តិចំនួន៣៣។ ប្រធានាធិបតី ចូ បៃដិន បានចេញបទបញ្ជាប្រតិបត្តិចំនួន៤២។

ចំណែកក្នុងដើមអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ គឺលោកបានចេញបញ្ជាប្រតិបត្តិ រហូតដល់ជាង ៦០បទបញ្ជា ត្រឹមរយៈពេល២០ថ្ងៃតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង