ពលរដ្ឋខេត្តស្វាយរៀង ស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស៊ើបអង្កេតលើសកម្មភាព របស់ស្មៀនឃុំត្រពាំងស្ដៅ ករណីរំលោភអំណាច និងវាទទីយកដីធ្លីពលរដ្ឋ
ខេត្តស្វាយរៀង ៖ ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោក ព្រុំ ប៊ុនថន ស្នើឱ្យលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើ ស្មៀនឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង លោក នង ម៉ូវ ទាក់ទិន បទរំលោភអំណាច និងវាទទីយកដីធ្លី របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅមូលដ្ឋាន ឃុំត្រពាំងស្តៅ បានធ្វើជាសាក្សី គាំទ្រ លោក ព្រុំ ប៊ុនថន ថាម្ចាស់ដីស្របច្បាប់ តាំងពីមុនឆ្នាំ១៩៧៩ មកម្លេះ។ ហើយពលរដ្ឋ ទាំងនោះ ក៏ផ្តិតស្នាមមេដៃគាំទ្រ លោក ព្រុំ ប៊ុនថន ដាក់លិខិតស្នើសុំអន្តរាគមន៍ ទៅក្រសួងមហាផ្ទៃ ឲ្យបើកការស៊ើបអង្កេត ទៅលើសកម្មភាពអនុវត្តការងារ របស់ស្មៀនឃុំត្រពាំងស្តៅ អំឡុងកាន់តួនាទី ដែលមានភាពមិនប្រក្រតី។
លោក ព្រុំ ប៊ុនថន បានឱ្យដឹងថា រូបលោក កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ត្រូវបាន អាជ្ញាធរមូលដ្ឋាន ភូមិឃុំ ស៊ីញ៉េបោះត្រាអនុញ្ញាត និងទទួលស្គាល់ដីលំនៅដ្ឋាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយទន្ទឹម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្ដស្វាយរៀង ថាពិតជាដីកម្មសិទ្ធិ របស់លោកពិតប្រាកដមែន ហើយបានឱ្យលោករៀបចំនីតិវិធី ធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ថែមទៀតផង។
ទោះជាបែបនេះក្តី លោកថា ក្នុងរយៈពេល ១សប្តាហ៍ក្រោយមក ស្មៀនឃុំត្រពាំងស្ដៅគឺ លោក នង ម៉ូវ បានទៅហាមឃាត់ មន្រ្តីសូរិយោដី មិនឱ្យធ្វើប្លង់ ឬបញ្ជួនឯកសារ ទៅថ្នាក់លើដោយសំអាងថា ដីនោះជាកម្មសិទ្ធិ របស់ឃុំ និងប្រើឈ្មោះ ស្ថាប័នសាលាស្រុករមាសហែក អ្នកបញ្ជាឱ្យមកហាមឃាត់។
យ៉ាងណា ការហាមឃាត់នេះ លោក ព្រុំ ប៊ុនថន បានចាត់ទុកថា ជាទង្វើប្រព្រឹត្តដោយ លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅតែម្តង។ ហើយ ករណីនេះ មិនត្រឹមតែរូបលោកម្នាក់ ប៉ុណ្ណោះទេ ដែលរងគ្រោះ ដោយការរំលោភបំពានបែបនេះ។ ក្រៅពីនេះ ក៏មាន ប្រជាពលរដ្ឋផ្សេងទៀត បានរងគ្រោះដូចរូបលោកដែរ ។ ប៉ុនែ្តគ្រាន់តែពលរដ្ឋទាំងនោះ មិនហ៊ានចេញមុខ តវ៉ា ប្រឆាំងតបត ស្មៀនឃុំរូបនេះ ដោយសារតែ លោក នង ម៉ូវ មានឥទ្ធិពលខ្លាំង នៅក្នុងសាលាឃុំត្រពាំងស្ដៅតែម្តង។
ប្រធានសមាគមរូបនេះ បន្តថា លោកនឹងបង្ហាញឯកសារ ឬភស្តុតាងបន្ថែមទៀត ពាក់ព័ន្ធនឹងបញ្ហាដីធ្លី របស់លោក នាថ្ងៃខាងមុខ។
ទន្ទឹមគ្នានេះ លោកស្នើសុំឱ្យ រដ្ឋបាលខេត្តស្វាយរៀង ពិចារណាបើកការស៊ើបអង្កេត ដោយតម្លាភាព និងជៀសវាង ការចេញសេចក្តីប្រកាសការពារ មន្រ្តីខិលខូច ដែលធ្វើឱ្យប៉ះពាល់មុខមាត់ខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិការទី៧នេះ។
យ៉ាងណាក៏ដោយចុះ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្ដៅ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់ខាងនេះ នៅឡើយទេ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ខណៈអ្នកនាំពាក្យក្រសួងមហារផ្ទៃ ក៏មិនទាន់ទាក់ទងបាន នៅឡើយដែរ៕