នាវាចម្បាំងកងទ័ពជើងទឹក កាណាដា១គ្រឿង ចូលចតនៅកំពង់ផែស្វយ័ត្ន ក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដា ចំនួន ១គ្រឿង នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែស្វយ័ត្ន ក្រុងព្រះសីហនុ រយៈពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជារបស់នាវាចម្បាំងនេះ ក្នុងគោលបំណង ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ក្នុងនោះក៏មានការប្រកួតកីឡាបាល់ទាត់ បាល់ទះ ជាលក្ខណៈមិត្តភាពផងដែរ។
បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យ របស់កប៉ាល់ចម្បាំងខាងលើ ក៏នឹងមកពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រ នៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ដោយផ្តោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ។
សូមបញ្ជាក់ថា នាវាឈ្មោះ HMCS OTTAWA – FFH 341 (Frigate. Helicopter) ដឹកនាំដោយ មេបញ្ជាការ Adriano Lozer ហើយនាវានេះ មាននាវិកមានចំនួន ២៤៤នាក់។
នាវានេះ មានបណ្ដោយ ១៣៤.៧ ម, ទទឹង ១៦.៥ម ជម្រៅទឹក ៧.៥ម, ទម្ងន់ផ្ទុក ៥១០០តោន, ល្បឿន ៣០ knots, និងឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង៕ ដោយ៖ ហ្វារីត