លោក Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន សំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី
អាមេរិក ៖ លោក Elon Musk ដែលបច្ចុប្បន្ន ជាប្រមុខដឹកនាំអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) មានតួនាទីតាមដានប្រសិទ្ធិភាពការងាររបស់មន្រ្តីរដ្ឋាភិបាល បានអំពាវនាវនៅថ្ងៃទី ៩ ខែកុម្ភៈនេះ ឲ្យមានការបិទស្ថាប័នវិទ្យុធំៗចំនួនពីរ ដែលទទួលមូលនិធិពី រដ្ឋាភិបាលអាម៉េរិក រួមមាន៖ វិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)។
លោក Elon Msuk បានអំពាវយ៉ាងដូច្នេះ នៅក្នុងសំណេរ (comment) ឆ្លើយតបទៅលោក Richard Grenell បេសកជនពិសេស របស់សហរដ្ឋអាម៉េរិក សម្រាប់បេសកកម្មពិសេស នៅលើបណ្ដាញសង្គម X ដោយ លោក Richard បានហៅវិទ្យុទាំងពីរខាងលើនេះថា ជាអ្នកដែលទទួលបាន មូលនិធិពីអ្នកបង់ពន្ធអាមេរិក ប៉ុន្ដែបែរជាបម្រើផលប្រយោជន៍ ឲ្យពួកសកម្មជនឆ្វេងនិយមទៅវិញ។
នៅក្នុងសំណេរ របស់លោក Richard ដែលបង្ហោះនៅលើបណ្ដាញសង្គម X ដដែលនោះ បានសង្កត់ធ្ងន់ទៀតថា «វាជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាមេរិក ប៉ុន្ដែវាហួសសម័យហើយ យើងមិនត្រូវការផ្ដល់លុយរដ្ឋាភិបាល ឲ្យប្រព័ន្ធផ្សព្វផ្សាយតទៅទៀតទេ។
លោក Elon Musk បានឆ្លើយតបតាមរយៈសំណេរ (Comment) លើការបង្ហោះ របស់លោក Richard យ៉ាងដូច្នេះថា «ត្រឹមត្រូវហើយ! បិទពួកវា (ស្ថាប័ន) ទាំងនោះចោលទៅ!» លោកបន្ថែមថា អង្គភាពព័ត៌មានទាំងពីរនេះ គ្រាន់តែជាក្រុមមនុស្សឆ្វេងនិយមជ្រុល ដែលនិយាយតែពីក្រុមបក្សពួកខ្លួនឯងតែប៉ុណ្ណោះ ខណៈដែលពួកគេ បានចាយលុយខ្ជះខ្ជាយប្រមាណ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលបានមកពីអ្នកបង់ពន្ធនៅអាមេរិក។
គេនៅចាំបានថា រដ្ឋបាលអាណត្តិមុនរបស់លោក Trump បានស្វែងរកការកាត់បន្ថយ ការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលគាំទ្រដោយ រដ្ឋាភិបាល និងកម្មវិធីជំនួយបរទេស ដែលជាសកម្មភាពមួយ ដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយ គណបក្សប្រជាធិបតេយ្យក្នុងសភា៕ ប្រភព៖ AMU TV