ចាប់ខ្លួន​ថៅកែ​ស្រី ជនជាតិ​វៀតណាម​ម្នាក់ បញ្ជូន​ទៅ​តុលាការ ករណីនាំ​ចូល ទឹកឃ្មុំ​ក្លែងក្លាយជិត​២០​តោន

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​ថៅកែ​ស្រី​ ជនជាតិ​វៀត​ម្នាក់ ជានា​យក​ក្រុមហ៊ុន CHAN HONEY IMPORT EXPO RT CO.,LTD បញ្ជូន​ទៅ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៥​ ​ពាក់ព័ន្ធ​ការ​នាំ​ចូល និង​ស្តុក​ទឹកឃ្មុំ​ក្លែងបន្លំ ប្រមាណ​ជិត ២០​តោន។

ជនសង្ស័យ​រូបនេះ ឈ្មោះ NGUYEN THI THANH THIEN ភេទ​ស្រី ​ជនជាតិ​វៀតណាម ជា​ម្ចាស់​ក្រុមហ៊ុន ច័ន្ទ ហាន់​នី អិ​ម​ផត អិ​ច​ផត ឯ​.​ក មានអាសយដ្ឋាន​ស្នាក់​នៅ ផ្ទះ​លេខ​៧៦ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សំណុំរឿង​នេះ កំពុង​ស្ថិត​នៅ​ក្នុងដៃ​ លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង បើក​ការ​ស៊ើបសួរ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ ដោយ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ មន្ត្រី​សាខា (​ក​.​ប​.​ប​) រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​បង្ក្រាប​ទីតាំង​ក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិត​នៅផ្ទះ​លេខ​៧៦ ផ្លូវ​បេតុង ភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​សង្ស័យ​ធ្វើការ​នាំ​ចូល​ស្តុក​ទុក​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ទំនិញ ។

ក្នុង​ការ​ត្រួត​ពិ​និត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ ទឹកឃ្មុំ​សរុប ចំនួន ១៣០​ធុង ដែល​មាន​ទំងន់​សរុប ១៩,៨៩០​គីឡូក្រាម (​ជិត​២០​តោន​)​។ ដោយ​មាន​ភាព​សង្ស័យ ​ចំពោះ​ទឹកឃ្មុំ​ទាំងអស់ អាច​ជា​ផលិតផល​ក្លែងបន្លំ​ប្រភព លោក​ព្រះរាជអាជ្ញា​រង​ បាន​សម្រេច​ឲ្យ​ សមត្ថកិច្ច​ធ្វើការ​ដកហូត​ជា​បណ្តោះអាសន្ន ដោយ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន ​រួច​ធ្វើការ​បិទ​ផ្លុំ​បេ​រ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បន្ត និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ ជនជាតិ​វៀតណាម រួម​នឹង​បុគ្គល​ពាក់ព័ន្ធ​ទៅ​សាកសួរ​បំភ្លឺ នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី។

ជាមួយ​គ្នា​នេះ​ សមត្ថកិច្ច សូម​ធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ សូម​រួម​គ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​លើកកម្ពស់​កិ​តិ្ត​យសកេ​រ្ត៍​ឈ្មោះ ​របស់​កម្ពុជា​យើង ក៏​ដូច​ជា​ទំនុកចិត្ត​ពី​អ្នក​វិនិយោគទុន ហើយ​បើ​មាន​ព័ត៌មាន ឬ​ក៏​សង្ស័យ​ពី​ការ​ស្តុក​ទុក​ ទំនិញ​ក្លែងបន្លំ​ប្រភព សូម​ធ្វើការ​រាយការណ៍​ដល់​សមត្ថកិច្ច ដើម្បី​មាន​វិធានការ ​ឲ្យ​បាន​ទាន់​ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង