ប្រជាពលរដ្ឋ រស់នៅស្រុករមាសហែក ទាមទារឱ្យ លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្តៅ សងលុយជូនពួកគាត់វិញ..

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋមួយចំនួន រស់នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានចោទប្រកាន់ លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្តៅ ថាបានបោកប្រាស់លុយកាក់ របស់ប្រជាពលរដ្ឋពួកគាត់ ក្រោមរូបភាព យកលុយនោះ សម្រាប់ចំណាយ ទៅលើសេវា ហ្វូតូកូពី ឯកសារធ្វើប្លង់ដី ដោយក្នុងមួយគ្រួសារៗ ត្រូវចំណាយលុយអស់រាប់ម៉ឺនរៀល..។

ប្រភពពីប្រជាពលរដ្ឋ ស្នើមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ករណីខាងលើនេះ គឺស្វៀនឃុំត្រពាំងស្តៅ លោក នង ម៉ូវ បានដាក់បញ្ជាឱ្យ លោកមេភូមិ ជាអ្នកចុះដើរ ប្រមូលលុយ និងឯកសារ ពីប្រជាពលរដ្ឋ មកប្រគល់ឱ្យខ្លួន ដើម្បីយកទៅកូពី (copy) នៅសាលាឃុំ ដោយតម្លៃ កូពី ក្នុង ១ប្លង់ដី មានតម្លៃ ៣០០០រៀល។ ហើយករណីនេះ ក្នុង ១គ្រួសារៗ ត្រូវចំណាយលុយ យ៉ាងតិចចន្លោះ ២០០០០រៀល ទៅ ៧០០០០ រៀល  ទៅតាមការធ្វើប្លង់តិច ឬច្រើន។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ  បានត្អូញត្អែរ និងចាត់ទុកការដើរប្រមូលលុយ ឬតម្រូវ ឱ្យពួកគាត់បង់លុយ សម្រាប់ហ្វូតូកូពីឯកសារធ្វើប្លង់ដី នៅមូលដ្ឋានឃុំត្រពាំងស្តៅនេះ មានលក្ខណៈចាប់បង្ខំ ខណៈប្រជាពលរដ្ឋ ពួកគាត់ កំពុងជួបការលំបាក ក្នុងការរកប្រាក់ចំណាយ សម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ស្រាប់ទៅហើយនោះ។

សូមបញ្ជាក់ថា មន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង ជាបន្តបន្ទាប់មកនេះ បានបញ្ជូនមន្ត្រីជំនាញ ចុះរៀបចំធ្វើប្លង់កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ស្របទៅតាមកម្មវិធី របស់រាជរដ្ឋាភិបាល  ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តស្វាយរៀង។ ក្នុងនោះ រដ្ឋបាលឃុំត្រពាំងស្តៅ មានភូមិចំនួន ២០ភូមិ និងមានប្រជាជន រស់នៅក្នុងមូលដ្ឋាននេះ ប្រមាណជាង ១៨០០០ នាក់។ ហើយភាគច្រើន ពួកគាត់ប្រកបមុខរបរធ្វើស្រែ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមានកូនចៅមួយចំនួន ងាកទីប្រកបការងារធ្វើជាកម្មកររោងចក្រជាដើម..។

ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បានសំណូមពរដល់ លោកអភិបាលខេត្តស្វាយរៀង ជាពិសេស លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងពិនិត្យទៅលើសកម្មភាព របស់ លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្តៅ ថាតើ បានអនុវត្តតួនាទីត្រឹមត្រូវដែរឬទេ?។

យ៉ាងណា គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក នង ម៉ូវ ស្មៀនឃុំត្រពាំងស្តៅ ដើម្បីបំភ្លឺ ជុំវិញការចោទប្រកាន់ខាងលើ បានទេ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥៕

 

អត្ថបទដែលជាប់ទាក់ទង