សវនករបរិស្ថានជប៉ុនថា អាជ្ញាធរជាតិអប្សរា គ្រប់គ្រងបរិស្ថានអង្គរបានល្អ
ខេត្តសៀមរាប ៖ សវនករជប៉ុន លោក YAMADA MAMORU បានចុះវាយតម្លៃ លើការគ្រប់គ្រងបរិស្ថានទូទៅ របស់អាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅក្នុងការចុះពិនិត្យ និងវាយតម្លៃ នៅក្នុងតំបន់អង្គរនោះ លោក YAMADA MAMORU បានថ្លែងថាសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានគ្រប់គ្រងបរិស្ថានតំបន់អង្គរ ដោយអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ជាស្តង់ដារអន្តរជាតិ បានយ៉ាងល្អ។
លោកបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា មានផែនការយ៉ាងច្បាស់លាស់ លើការគ្រប់គ្រងបរិស្ថានធម្មជាតិ ព្រមទាំងបរិស្ថានមនុស្សផង ដោយលោក បានសង្កេតឃើញថា កម្មករជាច្រើន ដែលកំពុងជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្ម គឺមានការប្រុងប្រយ័ត្ន ទាំងសុខភាពពីធូលីហុយ ព្រមទាំងមានការរៀបចំទុកដាក់ សំណល់ថ្ម ដែលបាក់បែកយ៉ាងល្អបំផុត។
លោក YAMADA MAMORU មានការរំភើប និងចាប់អារម្មណ៍ជាខ្លាំង នៅពេលបានឃើញ អាជ្ញាធរជាតិអប្សរា រៀបចំតំបន់ជុំវិញអង្គរវត្ត និងតំបន់ខ្លះទៀត ឱ្យក្លាយទៅជាទេសភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលម្អតំបន់អង្គរ ឱ្យកាន់តែស្រស់ស្អាតមួយកម្រិត ថែមទៀតនោះ។
បន្ថែមលើសពីនេះ សវនករជប៉ុន ក៏បានសរសើរ អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់រៀបចំផែនការជាស្រេច ដើម្បីការពារប្រាសាទបុរាណនានា ខណៈពេលដែលអាកាសធាតុប្រែប្រួល និងកំពុងតែធ្វើឱ្យផែនដី ទទួលរងកម្តៅខ្លាំងខុសពីធម្មតានេះ៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន