ពលរដ្ឋខេត្តព្រះសីហនុ លើកឡើងថា ដីមានប្លង់រឹង L-MAP កាន់ក្នុងដៃហើយ នៅត្រូវគេប្តឹងដកហូតកម្មសិទ្ធិដី បានទៀត..

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ៤គ្រួសារ បានសម្តែងការហួសចិត្ត ហើយលើកឡើងថា ដីស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានកាន់កាប់តាំងពីឆ្នាំ១៩៩១ និងមានប្លង់ស្លាបមាន់នៅឆ្នាំ១៩៩២ រហូតបានប្លង់រឹងជាប្រព័ន្ធ L-MAP ក្នុងឆ្នាំ២០១០ ប៉ុន្តែបែរជាត្រូវអ្នកមានអំណាចប្តឹង ទាមទារជាបន្តបន្ទាប់ រហូតធ្វើឲ្យពួកគាត់ចាញ់ក្តីនៅតុលាការគ្រប់ដំណាក់កាល គ្មានសល់ដីសូម្បីតែមួយចង្អាម ទោះបីជាពួកគាត់ មានឯកសារគ្រប់គ្រាន់ក៏ដោយ ក៏នៅត្រូវបានគេប្តឹងដកហូតកម្មសិទ្ធិ បានជោគជ័យដដែល។

លោក សឹង សារិន ដែលអះអាងជាជនរងគ្រោះ បានរៀបរាប់ទាំងហួសចិត្ត និងទទូចសុំអង្វរដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយស្វែងរកយុត្តិធម៌ ខណៈរូបលោក ត្រូវបានតុលាការបង្គាប់ឲ្យផ្ទេរកម្មសិទ្ធិ ទៅឲ្យអ្នកមានអំណាច ដែលជាគូរទំនាស់ ម្តងហើយម្តងទៀត រហូតធ្វើឲ្យដីធ្លី ដែលពួកគាត់កាន់កាប់ត្រឹមត្រូវ និងមានប្លង់រឹងជាប្រព័ន្ធទៅហើយនោះ ក៏ត្រូវបាត់បង់គ្មានសល់អ្វី សូម្បីតែមួយចង្អាម។

 

លោក សឹង សារិន បានរៀបរាប់ថា លោកបានទិញដី និងកាន់កាប់ តាំងពីឆ្នាំ១៩៩១ ហើយទទួលបានប្លង់ស្លាបមាន់ នៅឆ្នាំ១៩៩២ តែមានបុគ្គលផ្សេងឈ្មោះ ប៉ុល សារឿន ដែលមានងារជាឯកឧត្តម  និងឈ្មោះ ណុប ច័ន្ទណារី ងារជាជំទាវ បានធ្វើប្លង់គ្របពីលើ តាមក្រោយនៅឆ្នាំ១៩៩២ ហើយបានប្តឹងគ្រួសារគាត់ ទាមទាមកម្មសិទ្ធិ លើដីដែលជាន់លើគ្នានោះ មួយចំណែកធំ ហើយតុលាការ ក៏បានកាត់ក្តី ឲ្យគ្រួសាររបស់គាត់ចេញក្តី ហើយត្រូវប្រគល់ដី ទៅឲ្យឯកឧត្តម និងលោកជំទាវ ខាងលើ។

លោក សឹង សារិន បានបន្ថែមទៀតថា រឿងប្លង់ឆ្នាំ១៩៩២ ដែលលោកចាញ់ក្តីនោះ បានចប់សព្វគ្រប់ ហើយ ក្រោយមកទៀតដី របស់ពួកគាត់ដែលនៅសល់ ដល់ថ្ងៃធ្វើប្លង់ជាប្រព័ន្ធ ប្លង់ L-MAP ឆ្នាំ២០១០ ដែលមន្ត្រីជំនាញបានចុះវាស់វែងជាក់ស្តែង និងបានបិទប្រកាសផ្សព្វផ្សាយតាមនីតិវិធីត្រឹមត្រូវ ហើយរូបលោក ក៏ទទួលប្លង់រឹងកាន់ក្នុងដៃ និងបានបង់ពន្ធជូនរដ្ឋរយៈពេលជាង១០ឆ្នាំផងដែរ ប៉ុនែ្តបែរជាត្រូវ ឈ្មោះ ប៉ុល សារឿន ដែលមានងារជាឯកឧត្តម  និងឈ្មោះ ណុប ច័ន្ទណារី មានងារជាជំទាវ បានបន្តប្តឹងពួកគាត់ទាមទារយកដី របស់គ្រួសារគាត់ ដែលនៅសល់នោះថែមទៀត។ ទោះបីមានការបញ្ជាក់ពី រដ្ឋបាលសុរិយោដី ថាការចេញប័ណ្ណកម្មសិទ្ធិជូនគ្រួសារលោក គឺធ្វើឡើងដោយត្រឹមត្រូវ តាមនីតិវិធីច្បាប់ក៏ដោយ ក៏គ្រួសារលោក នៅតែបន្តចាញ់ក្តី នៅតុលាការគ្រប់ជាន់ថ្នាក់ ហើយត្រូវបានតុលាការបង្គាប់ ឲ្យប្រគល់ដីខាងនៅទីតាំងខាងលើ ទៅឲ្យដើមបណ្តឹងដដែល។

 
លោក សឹង សារិន ចាត់ទុក ករណីរូបលោក ចាញ់ក្តីនៅតុលាការគ្រប់ជាន់ថ្នាក់ ថាជារឿងអយុត្តិធម៌បំផុត សម្រាប់គ្រួសារ តបស់គាត់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ពលរដ្ឋដែលមានប្លង់រឹងតាមផ្លូវច្បាប់ គឺមានភាពកក់ក្តៅមិនអាច ត្រូវបានជនផ្សេងមករំលោភបំពានបានឡើយ ប៉ុនែ្តមានមូលហេតុអ្វីបានជា ដីប្លង់រឹង L-MAP នីទីតាំងខាងលើនេះ ត្រូវបានសាធារណជន មានចឆ្ងល់ថា ហេតុដូចម្តេចបានជាមានគេប្តឹងដកហូតកម្មសិទ្ធិ ពីគ្រួសារខាងលើនេះបាន? តើមានអ្វីជាអាថ៌កំបាំង នៅពីក្រោយរឿងក្តីនេះ?

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងម្ចាស់ដី ដែលរងគ្រោះ បានទទូចអង្វរសុំឲ្យថ្នាក់ដឹកនាំ រាជរថ្ឋាភុបាល មេត្តាជួយចាត់មន្ត្រីចុះពិនិត្យ និងស៊ើបអង្កេតវិវាទដីធ្លីនេះ ឲ្យតម្លាភាព ដើម្បីឈានទីផ្តល់យុត្តិធម៌ ឲ្យភាគីទាំងសងខាង ស្របតាមគោលនយោបាយឈ្នះៗ របស់ប្រមុខដឹកនាំបានដាក់ចេញ។

ទោះជាបែបនេះក្តី សារព័ត៌មានយើង នៅមិនទាន់អាចសុំការបកស្រាយពីភាគី ឯកឧត្តម ប៉ុល សារឿន  និងលោកជំទាវ ណុប ច័ន្ទណារី បាននៅឡើយទេ នៅរសៀលថ្ងៃទូ៦ ខែមីនា ឆ្នាំ២០២៥។ ប៉ុន្តែលោក យ៉ុន ប៊ុនណា មេធាវីតំណាង របស់ភាគីដើមបណ្តឹង បានបកស្រាយប្រាប់បណ្តាញសារព័ត៌មាន នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះថា លោកបានទទួលសិទ្ធិពឹងពាក់ ជាមេធាវីតំណាង ចំពោះរឿងលម្អិត ក្នុងករណីនេះ លោកសូមរក្សាសិទ្ធិការសម្ងាត់វិជ្ជាជីវៈ សុំមិនបញ្ចេញព័ត៌មាន ទៅខាងក្រៅទេ។

 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ជាថ្ងៃដែលត្រូវតុលាការ ចុះអនុវត្តសេចក្តីសម្រេច ដកហូតកម្មសិទ្ធិ លើក្បាលដីលេខ ១៨០១០៤០៦-០៥០៤ ទំហំជាង ៦ហិចតា និងក្បាលដីលេខ១៨០១០៤០៦-០៤៤៤ ទៅឲ្យដើមបណ្តឹង ឈ្មោះ ប៉ុល សារឿន  និងឈ្មោះ ណុប ច័ន្ទណារី ខណៈពេលចុះអនុវត្ត គឺធ្វើឡើងនៅក្នុងរបងបិទទ្វារជិត ដោយពុំមានវត្តមាន គូទំនាស់ដែលជាសហចុងចម្លើយ ជាម្ចាស់ដីមុន ចូលរួមនោះទេ។
ចំណុចនេះ ក៏ធ្វើឲ្យមហាជន បង្ហាញចម្ងល់ថា សំណុំរឿងដកហូតកម្មសិទ្ធិលើដីប្លង់រឹងទាំងពីរប័ណ្ណនេះ គឺមិនធម្មតាទេ..?៕

 

          

អត្ថបទដែលជាប់ទាក់ទង