បញ្ជូនខ្លួនមន្ត្រីយោធាម្នាក់ ទៅកាន់តុលាការខេត្តកំពង់ធំ ពាក់ព័ន្ធចូលកាប់ទន្ទ្រានព្រៃច្បាប់
ខេត្តកំពង់ធំ ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត គឺលោក ង៉ែតណារ័ត្ន បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ ទទួលបន្ទុកបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ និងបញ្ជូនភ្លាមៗ ទៅកាន់តុលាការខេត្តកំពង់ធំ ដោយចោទពីបទ “ផ្ដើមគំនិតក្នុងអំពើកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ របស់រដ្ឋដោយគ្មានលិខិតអនុញ្ញាត”។
ជនសង្ស័យទន្ទ្រាន់កាប់ដីព្រៃរដ្ឋរូបនេះ ឈ្មោះ លោក ស៊ាង សុខឈន ដែលជាជនដៃដល់ រស់នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពេលកំពុងកាប់បំផ្លាញព្រៃអង់តែន រាប់រយហិកតា នៅចំណុច ៤៤- អូរតាកាវ។
ក្រោយបញ្ជូនទៅកាន់តុលាការ ជនសង្ស័យរូបនេះ បានសារភាពថា អ្នកនៅពីក្រោយ ឬអ្នកផ្តល់មធ្យោបាយ ឲ្យរូបលោក ចូលទៅកាប់បំផ្លាញព្រៃអង់តែន គឺជាលោកឧត្តមសេនីយ៍ទោម្នាក់ ប៉ុន្តែជនសង្ស័យរូបនេះ មិនបានបញ្ជាក់ឈ្មោះនោះទេ៕