រសៀលនេះ មេទ័ពកម្ពុជា-ថៃ ជួបចរចារគ្នា ខណៈទ័ពជួរមុខ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី

ខេត្តព្រះវិហារ ៖ មេទ័ពជើងគោកកម្ពុជា លោក ម៉ៅ សុផាន់ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបចរចារជាមួយ លោក Pana Klaewblaudtuk មេទ័ពជើងគោកថៃ ខណៈស្ថានការណ៍ ព្រំដែន រវាងប្រទេសទាំងពីរ កំពុងប្រឈមមុខដាក់គ្នា នៅតំបន់មុំបី។

ជំនួបនេះកើតឡើង ក្រោយមាន ករណីទាហានថៃ បានលបបាញ់ប្រហារមកលើលេណដ្ឋាន របស់កងទ័ពកម្ពុជា នៅតំបន់មុំបីបណ្ដាលឲ្យកងទ័ពកម្ពុជា ម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឱ្យដឹងថាការផ្ទុះអាវុធ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ផ្តើមដោយកងទ័ពថៃ ជាអ្នកបាញ់ស្រោច មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើង របស់កងទ័ពកម្ពុជា មុន។ ហើយដែល ទីតាំងខាងលើនេះ គឺជាទីតាំងប្រចាំការ របស់កងទ័ពកម្ពុជា ជាយូរមកហើយ បណ្ដាលឲ្យ លោក សួន រ៉ោន ស្លាប់នៅនឹងកន្លែង។

ទោះយ៉ាងណា រហូតមកដល់ល្ងាចថ្ងៃដដែលនេះ នៅមិនទាន់ដឹងពីលទ្ធផល នៃជំនួបចរចារ រវាងមេបញ្ជាការកងទ័ពទាំងពីរប្រទេស នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង