កសិករចិញ្ចឹមត្រីឆ្ពង់១០គ្រួសារ រស់នៅស្រុកព្រៃនប់ ប្តឹងក្រុមហ៊ុនគូបុ៑ន ទារសំណង់រាប់ម៉ឺនដុល្លារ ករណីក្រុមហ៊ុនបង្ហូរកាកសំណល់ពុល ធ្វើឲ្យងាប់ត្រីចិញ្ចឹមពួកគាត់
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋដែលមានមុខរបរចិញ្ចឹមត្រីឆ្ពង់ចំនួន ១០គ្រួសារ រស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ បានរួមគ្នាពាក្យបណ្ដឹងទៅកាន់ សាលាស្រុកព្រៃនប់ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ទាមទារឲ្យក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយតិចនូឡូជី ) ដែលបានបង្ហូរកាកសំណល់ជាតិពុល ចេញពីរោងចក្រស្បែកគោ របស់ខ្លួនហូរចូលទៅក្នុងដៃព្រែកកំពង់ស្មាច់ ជាទីកន្លែងដែលពួកគាត់ ចិញ្ចឹមត្រីឆ្ពង់បណ្តាលឲ្យត្រីឆ្ពង់ងាប់ពាសពេញស្រះ។ ពាក្យបណ្តឹងនេះ ក្រុមប្រជាពលរដ្ឋបានដាក់ជូនរដ្ឋបាលស្រុកព្រៃនប់ កាលពីរសៀលថ្ងៃទី0៥ ខែមិថុនា ឆ្នាំ២០២៣។
មុនពេលដាក់ពាក្យប្ដឹងពលរដ្ឋចិញ្ចឹមត្រីទាំងនោះ បានប្រមូលផ្ដុំគ្នានៅមុខសាលាស្រុកព្រៃនប់ ដើម្បីផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន និងស្នើឲ្យជួយផ្សព្វផ្សាយ បានដឹងឮដល់ ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខដឹកនាំបានជ្រាបជាដំណឹង ដើម្បីជួយអន្តរាគមន៍។
ខ្លឹមសារពាក្យបណ្ដឹង បានសរសេរថា យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន១០ គ្រួសារ បានចិញ្ចឹមត្រីឆ្ពង់ នៅចំណុចព្រែកកំពង់ស្មាច់ រយៈពេល៨ឆ្នាំកន្លងមកហើយ ៗ ការចិញ្ចឹមត្រីនេះ គឺមាន២ទីតាំង គឺនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ និងនៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ខ្លឹមសារនៃពាក្យបណ្តឹងដាក់ជូន លោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ របស់ប្រជាពលរដ្ឋទាំង ១០គ្រួសារគឺ៖ សុំប្ដឹង ក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយអូតិចនូឡូជី ) មានទីតាំងស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានបង្ហូរកាកសំណល់ជាតិពុល ពីរោងចក្រស្បែកគោ ធ្វើឲ្យពុលត្រីឆ្ពុង់ពួកយើងខ្ញុំងាប់អស់ទាំងស្រុង គ្មានសេសសល់កាលពី ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។ ហើយមកដល់ពេលនេះ ពុំមានការដោះស្រាយជាសំណង ជូនដល់កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំនៅឡើយ។
កសិករចិញ្ចឹមត្រីឆ្ពង់យើងខ្ញុំ ខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារក្រុមហ៊ុនខាងលើនេះ បានបង្ហូរកាកសំណល់ជាតិពុល ធ្វើឲ្យងាប់ត្រីកសិករដែលមានរាយនាមខាងក្រោម៖
១- លោកស្រី យុទ្ធ សុធា ងាប់ត្រីឆ្ពង់ធំចំនួន១២០០០ក្បាល គិតជាទឹកប្រាក់ចំនួន ៤៨០០០ដុល្លារ (បួនម៉ឺនប្រាំបីពាន់ដុល្លាសហរដ្ឋអាមេរិក)។
២- លោក អ៊ុន ណាត ងាប់ត្រីឆ្ពង់ធំចំនួន ៧៩០០ក្បាល គិតជាទឹកប្រាក់ចំនួន ៣១៦០០ដុល្លារ (បីម៉ឺនមួយពាន់ប្រាំមួយរយដុល្លារសហរដ្ឋអាមេរិក)។
៣- លោក ហេង អ៊ូ ងាប់ត្រីឆ្ពង់ធំចំនួន ៣០០០ក្បាល គិតជាទឹកប្រាក់ចំនួន ១២០០០ដុល្លារ (មួយម៉ឺនពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៤- លោក យ៉ែម ឡាយ ងាប់ត្រីឆ្ពង់ធំចំនួន ៥០០ក្បាល និងតូចចំនួន ៣៥០០ក្បាល សរុបទឹកប្រាក់ចំនួន ៥៧០០ដុល្លារ (ប្រាំពាន់ប្រាំពីររយហាសិបដុល្លាសហរដ្ឋអាមេរិក)។
៥- លោក កាវ នៅ ងាប់ត្រីឆ្ពង់តូចចំនួន ២០០០ក្បាល សរុបទឹកប្រាក់ ២០០០ដុល្លារ (ពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
៦- លោក គុយ គាន់ ងាប់ត្រីឆ្ពង់តូចចំនួន ២៨០០ក្បាល សរុបទឹកប្រាក់ ២៨០០ដុល្លារ (ពីរពាន់ប្រាំបីរយដុល្លាសហរដ្ឋអាមេរិក)។
៧- លោក ចន ភាព ងាប់ត្រីឆ្ពង់តូចចំនួន ៦០០ក្បាល សរុបទឹកប្រាក់ ៦០០ដុល្លារ (ប្រាំមួយរយដុល្លាសហរដ្ឋអាមេរិក)។
៨- លោក ចន ប៉ុយ ងាប់ត្រីឆ្ពុងតូចចំនួន ៥០០ក្បាល សរុបទឹកប្រាក់ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារសហរដ្ឋអាមេរិក)។
៩- លោក ផៃ សំណាង ងាប់ត្រីឆ្ពុងតូចចំនួន ៨០០០ក្បាល សរុបទឹកប្រាក់ចំនួន ៨០០០ដុល្លារ (ប្រាំបីពាន់ដុល្លារសហរដ្ឋអាមេរិក)។
១០- លោក ផៃ វិចិត្រ ងាប់ត្រីឆ្ពង់តូចចំនួន ៧០០០ក្បាល សរុបទឹកប្រាក់ចំនួន ៧០០០ដុល្លារ (ប្រាំពីរពាន់ដុល្លាសហរដ្ឋអាមេរិក)។
ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋ បានជម្រាបជូន លោកអភិបាលស្រុកព្រៃនប់ថា «កសិករចិញ្ចឹមត្រីយើងខ្ញុំ បានចិញ្ចឹមត្រីនៅចំណុចនេះ ដោយខ្ចីបុលពីមីក្រូហិរញ្ញវត្ថុគ្រប់ៗគ្នា ដើម្បីមកប្រកបអាជីវកម្មនៅទីនេះ។ ន័យដូចបានជម្រាបជូនខាងលើនេះ នាងខ្ញុំ-ខ្ញុំបាទ ដែលជាប្រជាពលរដ្ឋកសិករចិញ្ចឹមត្រីឆ្គង់ដូចបាន ជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ មេត្តាជួយដោះស្រាយដល់កសិករយើងខ្ញុំ សូមឲ្យក្រុមហ៊ុនចេញមុខទទួលខុសត្រូវសងសំណងជាដាច់ខាត មកដល់កសិករយើងខ្ញុំដោយក្តីអនុគ្រោះផង»។
ជុំវិញបញ្ហាខាងលើនេះលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានប្រាប់អ្នកសារព័ត៌មានដឹងថា « ចំពោះពាក្យបណ្ដឹង ដែលពលរដ្ឋប្ដឹងមកអាជ្ញាធរស្រុក គឺបានទទួលហើយ ប៉ុន្តែពាក់ព័ន្ធនឹងបច្ចេកទេសរឿងពុលបរិស្ថាន
គឺមានមន្ទីរបរិស្ថាន និងកសិកម្មដូចនេះ ប្រសិនបើមន្ទីរបរិស្ថាន រកឃើញកំហុស របស់ក្រុមហ៊ុនខាងមន្ទីរបរិស្ថាន នឹងមានវិធានការពិន័យតាមច្បាប់។ ហើយកន្លងមក រោងចក្រខាងលើនេះ ខាងមន្ទីរបរិស្ថាន ក៏ធ្លាប់បានចុះទៅពិន័យម្ដងរួចហើយដែរ»។
ទាក់ទិបញ្ហានេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បញ្ជាក់ថា «នៅពេលពាក្យបណ្ដឹងទៅដល់ដៃអាជ្ញាធរ លោកនឹងសហការជាមួយ ដើម្បីចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងដែលមានបញ្ហានោះ»។
ចំណែក តំណាងភាគីក្រុមហ៊ុន Kubon cambodia biotechnology ( គូបុ៑ន ខេមបូឌា បាយអូតិចនូឡូជី ) ដែលជារោងចក្រផលិតស្បែកគោ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ភាគីខាងក្រុមហ៊ុន ក៏បានដឹងហើយដែរ។
លោកបន្ថែមថា ក្រោយកើតហេតុ ខាងមន្ទីរពាក់ព័ន្ធ ក៏បានចុះមកពិនិត្យម្ដងរួចហើយ។ ដូចនេះលោក ក៏កំពុងរង់ចាំការធ្វើពិសោធន៍ របស់អាជ្ញាធរថាតើរឿងងាប់ត្រី របស់ប្រជាពលរដ្ឋ មានការជាប់ពាក់ព័ន្ធហ្នឹងក្រុមហ៊ុនលោកដែរឬយ៉ាងណា?៕