អធិការរងខណ្ឌព្រែកព្នៅម្នាក់ ធ្លាក់ពីលើអគារ The Sky Line ជាន់ទី៣៧​ សង្ស័យពាក់ព័ន្ធគ្រឿងញៀន

រាជធានីភ្នំពេញ ៖ ព័ត៌មានបឋម បានឲ្យដឹងថា លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់ បានធ្លាក់ពីលើអគារ The Sky Line ជាន់ទី៣៧​ បណ្តាលឲ្យដាច់សាកសព​ជាពីរ ខណៈជនរងគ្រោះ បានព្យាយាមរត់គេច​ពី កម្លាំងសមត្ថកិច្ច បង្រ្កាបគ្រឿងញៀន។

ហេតុការណ៍នេះ កើតឡើងនៅម៉ោង ៦ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចអគារ The Sky Line មានទីតាំងតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

យ៉ាងណា សមត្ថកិច្ចមូលដ្ឋាន មិនទាន់អាចសន្និដ្ឋាន ចំពោះការស្លាប់ របស់ជនរងគ្រោះ បណ្តាលមកពីបញ្ហាអ្វីទេ ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ចុះមកបង្ក្រាបបទល្មើសគ្រឿងញៀន នៅជាន់ដែលជនរងគ្រោះស្នាក់នៅ។ ហើយអាជ្ញាធរមូលដ្ឋាន មិនត្រូវបាន ហៅឲ្យចូលរួម សហការនោះទេ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ច មន្ត្រីនគរបាលយុត្តិធម៌ កំពុងដំណើរការនីតិវិធី តាមជំនាញ របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង