និស្សិតសាកលវិទ្យាល័យ អាមេរិកាំង-ភ្នំពេញ មកស្វែងយល់ប្រព័ន្ធធារាសាស្ដ្របុរាណ ក្នុងតំបន់អង្គរ

ខេត្តសៀមរាប ៖ និស្សិតផ្នែកវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យអាមេរិកាំង-ភ្នំពេញចំនួន៨០នាក់ បានមកស្វែងយល់ពីសារៈសំខាន់ និងការងារគ្រប់គ្រងប្រព័ន្ធធារាសាស្ដ្របុរាណ ក្នុងតំបន់អង្គរ តាមរយៈទស្សនកិច្ចសិក្សា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។

ទស្សនកិច្ចនេះ អាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញ ដើម្បីធ្វើបទបង្ហាញ ព្រមទាំង បានដឹកនាំចុះទៅតាមកន្លែង និងទីតាំងជាក់ស្តែងផង។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញជូនដល់ និស្សិតទាំងនោះ អំពីកិច្ចការងារគ្រប់គ្រង ក្នុងតំបន់អង្គរ អំពីប្រវត្តិ នៃការរីកចម្រើននៃសំណង់ធារាសាស្ដ្របុរាណ សារសំខាន់ នៃការគ្រប់គ្រងទឹក និងប្រើប្រាស់ទឹក ផលប៉ះពាល់កើតមានឡើងក្នុងតំបន់អង្គរ កំឡុងពេលគ្មានការជួសជុលថែទាំ ព្រមទាំងជួសជុលប្រព័ន្ធធារាសាស្ដ្របុរាណ ឱ្យមានដំណើរការឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា និងសមិទ្ធផល ដែលទទួលបានពីការងារគ្រប់គ្រងទឹក ក្នុងតំបន់អង្គរជាដើម។

បន្ទាប់ពីបញ្ចប់បទបង្ហាញរួចមក អ្នកជំនាញ របស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំនិស្សិតចុះពិនិត្យតាមទីតាំងសំណង់គ្រប់គ្រងទឹកសំខាន់ៗ ជាច្រើនកន្លែង ថែមទាំងពន្យល់លម្អិតពីការងារចាត់ចែងគ្រប់គ្រងទឹក មុខងារនៃសំណង់ធារាស្ត្រនីមួយៗ ការភ្ជាប់ទំនាក់ទំនងគ្នា នៃប្រព័ន្ធទឹកក្រោមដី រួមទាំងឆ្លើយតប និងសំណួរ របស់និស្សិត ដើម្បីផ្តល់ចំណេះដឹង ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតផង៕

អត្ថបទ និងរូបភាព: នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

អត្ថបទដែលជាប់ទាក់ទង