ពិធីសុំទឹកភ្លៀង របស់អ្នកស្រុកអង្គរធំ នៅប្រាសាទនាគព័ន្ធ ខេត្តសៀមរាប
ខេត្តសៀមរាប ៖ អ្នកភូមិ ឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀង នៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេល រដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ។
កិច្ចពិធីនេះ ធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយនៅរសៀលថ្ងៃទី១ មានពិធីក្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំ ដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំ ចូលទៅអាងតូច តាមទិសទាំង៤។ ហើយនៅក្នុង កំឡុងពេលដើរប្រទក្សិណនោះ ក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថា មានភ្លៀងធ្លាក់មកមែន។
ចំពោះគ្រឿងរណ្ដាប់ នៅក្នុងពិធីនេះរួមមាន៖ បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។
អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារ ដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថា ភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះ ចប់សព្វគ្រប់។
ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះ ក៏ចូលរួមផងដែរ។
ពិធីនេះសបញ្ជាក់ថា កសិកម្មនៅតែជាវិស័យយ៉ាងសំខាន់ របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍ កំពុងរីកចម្រើនក៏ដោយ។ អ្នកស្រុកធ្វើស្រែចម្ការនៅពឹងជាសង្ឃឹមលើទឹកភ្លៀងនៅទ្បើយ។ ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួត និងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ។ ជាទូទៅប្រជាពលរដ្ឋ រស់នៅតំបន់អង្គរ តែងប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ពីដូនតាមក តាមរបៀបមានទម្រង់ផ្សេងៗ ទៅតាមតំបន់ ដែលពួកគាត់រស់នៅ៕
អត្ថបទ៖ នាង សំណាង
រូបភាព៖ ភោគ ជា, រដ្ឋ ផល្លីន