សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពកម្ពុជា-ចិន បានបិទបញ្ចប់ដោយជោគជ័យ
ខេត្តព្រះសីហនុ ៖ សមយុទ្ធនាគមាសឆ្នាំ២០២៤ ដែលជាសម យុទ្ធរួមគ្នានៅលើ លំហរសមុទ្រកម្ពុជា រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹក របស់ចិន អស់រយៈពេល ១២ថ្ងៃ ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ដែលចាប់ជំរិតនាវាដឹកទំនិញ បានបិទបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។
លោកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានដឹកនាំធ្វើលំហាត់ និងស មយុទ្ធ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពចិន មានប្រសាសន៍ ក្នុងពិធីបិទសម យុទ្ធជើងទឹក នោះថា សមយុទ្ធជើងទឹកនាគមាស ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រីកការទំនាក់ទំនងគ្នា ការពង្រឹងសមត្ថភាពយោធា និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ហើយថា សមយុទ្ធជើងទឹកនាគមាស ឆ្នាំ២០២៤នេះដែរ មិនមានការគំរាមកំហែងដល់ប្រទេសណាឡើយ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មការដឹកនាំសមយុទ្ធ និងលំហាត់ របស់កងយោធពលខេមរភូមិន្ទ សូមកោតសរសើរ ចំពោះកងទ័ពទាំង ២ប្រទេស ដែលចូលរួមធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៤ និងក្រុមការងារដឹកនាំសមយុទ្ធ របស់កងទ័ពប្រទេសទាំង ២កម្ពុជា-ចិន ដែលបានខិតខំរៀបចំ និងដឹកនាំសមយុទ្ធកងទ័ពជើងទឹក នៃប្រទេសទាំង ២ រហូតទទួលបានជោគជ័យតាមផែនការ។
បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះបញ្ជាការដ្ឋានកងទ័ពជើងទឹក បញ្ជាការដ្ឋានការពារកោះឆ្នេរ មូលដ្ឋានសមុទ្ររាម និងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ ដែលបានខិតខំអនុវត្តតាមតួនា ទី ភារៈកិច្ចក្នុងពេលសមយុទ្ធនាគមាស ឆ្នាំ២០២៤នេះ ដែលធ្វើឱ្យសមយុទ្ធជើងទឹកនាគមាស ឆ្នាំ២០២៤ លើកទី១នេះ ទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព៕