កសិករខេត្តមណ្ឌលគិរី កំពុងមមាញឹកដាំដុះដំឡូងមី

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករ រស់នៅខេត្តមណ្ឌលគិរី កំពុងតែមមាញឹកដាំដុះដំឡូងមី យ៉ាងញាប់ដៃញាប់ជើង ទោះបីឆ្នាំនេះ ភ្ញៀងធ្លាក់មកយឺតបែបណាក្តី ក៏ប៉ន្តែកសិករ នៅទូទាំងមណ្ឌលគិរី បាននាំគ្នាដាំដុះ រួចរាល់ប្រមាណ ៧០% ហេីយ ។

ដំណាំដំឡូងមី ត្រូវបានគេដាំនៅស្ទើរទូទាំងខេត្តមណ្ឌលគិរី ជាធម្មតាគេចាប់ផ្តើមដាំ ក្នុងខែឧសភា និងប្រមូលផលចាប់ពីខែកញ្ញា រហូតដល់ចុងខែមេសា ក្នុងឆ្នាំនីមួយៗ។

កសិករម្នាក់ ក្នុងចំណោមកសិករច្រើនទៀត រស់នៅស្រុកកែវសីមា គឺឈ្មោះ​ឈាង ណាក់ បានឱ្យដឹងថា ទោះកត្តាធម្មជាតិ មិនសូវល្អ ពោលគឺទឹកភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ធ្វើឱ្យផលដំឡូងមី របស់ពួកគាត់ ក្នុងរដូវប្រមូលផលកាលពីឆ្នាំ២០២៣-២០២៤ ធ្លាក់ផលចុះបន្តិចមែន ប៉ុន្តែឆ្នាំនេះ តម្លៃដំឡូងមី បានកើនឡើងខ្ពស់ គួរឱ្យកត់សម្គាល់។

កសិកររូបនេះ បន្តថា ផលដំឡូងមី ជាផ្នែកដ៏សំខាន់មួយ សម្រាប់ប្រជាកសិករ ដូចរូបគាត់ ដោយមានដាំនៅស្ទើរគ្រប់កន្លែង ហើយបើមានភ្លៀងធ្លាក់ច្រើន នោះការដាំដុះ អាចបានផលល្អ និងការប្រមូលផលអាចបានច្រើន។

កសិករមួយរូបទៀត រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា រូបគាត់បានដាំដំឡូងមី ជាង ១០ហិកតា រួចហេីយ នៅសល់ផ្ទៃដី តែ៤ហិកតា ទៀតប៉ុណ្ណោះ នឹងសម្រេចបាន១០០% ។

កសិករដដែលនេះ បញ្ជាក់ថា “ឆ្នាំនេះភ្លៀងធ្លាក់មកយឺតជាងឆ្នាំមុនៗ អញ្ចឹង កសិករ សម្រុកដាំរៀងៗខ្លួន ចំពោះកសិករ ដែលមានផ្ទៃដីច្រេីន ជួបការពិបាក ក្នុងការរកជួលកម្មករសម្រាប់ដាំដំឡូងណាស់ឆ្នាំនេះ។

ទាក់ទិនបញ្ហានេះ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ឆ្នាំនេះ ដោយសារតែបញ្ហាកត្តាអាកាសធាតុ ធ្វើភ្លៀងធ្លាក់យឺតជាងឆ្នាំមុន ធ្វើឱ្យកសិករដាំដុះ មានភាពយឺតយ៉ាវបន្ទិច ប៉ុន្ដែបច្ចប្បន្នកសិករ មានភាពមមាញឹក ក្នុងការដាំដុះអំឡុងពេលភ្លៀង ចាប់ផ្តើមធ្លាក់ ដែលធ្វើឱ្យផ្ទៃដី មានចំនួនច្រើនជាងឆ្នាំមុន ដោយសារតែដំឡូងមី មានតម្លៃខ្ពស់នៅឆ្នាំកន្លងមក ធ្វើឱ្យប្រជាកសិករ ពង្រីកផ្ទៃដីដាំដុះបន្ថែម។

សព្វថ្ងៃផ្ទៃដីដំណាំដំឡូងមី សរុបមានចំនួន ១៤,៩៣១ហិកតា ស្មើនឹង ៧១.១០% នៃផែនការឆ្នាំ កើនលើសឆ្នាំមុន ៨៦១ហិកតា៕

អត្ថបទដែលជាប់ទាក់ទង