ពលរដ្ឋស្នើឱ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ពិនិត្យពីភាពមិនប្រក្រតី នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខណៈភាពអនាធិបតេយ្យកំពុងកើតមាន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បានអះអាងថា ភាពអនាធិបតេយ្យ នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ថ្ងៃនេះ គឺផ្តើមដោយ លោក ឃួន ឬទ្ធិ និងលោក អ៊ុក ស្រូយ បានយកទីតាំងមុខច្រកទ្វានេះ ធ្វើជាកន្លែងប្រមូលប្រាក់ចំណូល របស់ខ្លួន។ ហើយករណីនេះ ប្រជាពលរដ្ឋ ស្នើឱ្យ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ជាពិសេស លោករដ្ឋមន្ត្រីក្រសួងមហាផហទៃ ជួយពិនិត្យមើលរាល់សកម្មភាព មន្ត្រីក្រោមឱវាទ របស់ខ្លួនផង ដើម្បីកុំឱ្យប៉ះពាល់កត្តិយសជាតិ និងរងការរិះគន់ពីសាធារណជន។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា រាល់ថ្ងៃនេះ គេសង្កេតឃើញ នៅមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានទាំងក្រុមអាជីវករលក់ដូរ តាមរទេះកង់បី តូប ក្រុមផាស្អាប់ និងក្រុម រត់ម៉ូតូឌុប បានតម្រង់ជួរទាំងខាងឆ្វេងដៃ និង ខាងស្តាំដៃ ដើម្បីរង់ចាំដឹកទាំងភ្ញៀវជាតិ និង ភ្ញៀវអន្តរជាតិ បានបង្ករភាពកកស្ទះ រញ៉េរញ៉ៃ យ៉ាងអនាធិបតេយ្យ នៅពីមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

ប្រភពបន្តទៀតថា រាល់ថ្ងៃនេះទាំង ក្រុមអាជីវករ ក្រុមអ្នករត់ម៉ូតូឌុប ផាស្អាប់ នៅខាងស្តាំដៃ ទាំងក្បែរថ្នល់រថភ្លើង និង តម្រង់ជួរលើថ្នល់រថភ្លើង គឺស្ថិត ក្រោមការគ្រប់គ្រង របស់លោក អ៊ុក ស្រូយ ជាមន្ត្រីនគរបាលអន្តោប្រវេសន៍។

រីឯខាងឆ្វេងដៃ ចាប់ពីចំណុចរង្វង់មូល រហូតទៅដល់មុខ កាស៊ីណូ ហូលីដេ គឺស្ថិតក្រោមការគ្រប់គ្រង របស់លោក ឃួន ឬទ្ធិ ជានគរបាលអន្តោប្រវេស៍ និង (មានចំណតធំនៅមុខផ្សារមង្គល) ហើយនឹងធ្វើការផ្លាស់ប្តូរវិលជុំទៅតាមវេន ដែលពួកគេបានរៀបចំ។

ប្រភពបន្តថា ក្រុមសមត្ថកិច្ចទាំងពីរខាងលើ មិនសូវចេញមុខ សម្របសម្រួល ឬ ចេញរៀបចំចរាចរណ៍ និង រៀបសណ្តាប់ធ្នាប់ ដោយខ្លួនឯងផ្ទាល់នោះទេ គឺក្រុមទាំងពីរនេះ បានប្រើជនសុីវិល ជួលឱ្យធ្វើការជំនួស ប្រដាប់ដោយ អាយកូមម្នាក់មួយគ្រឿង សម្រាប់ទាក់ទងធ្វើការងារនេះ។

ដោយឡែក ប្រភពពីក្រុមអាជីវករលក់ដូរ ក្រុមអ្នករត់ម៉ូតូឌុប និង ក្រុមផាស្អាប់ មួយចំនួន បានឱ្យដឹងដែរថា ពួកគាត់អាចលក់ដូរ រត់ម៉ូតូឌុប និង ផាស្អាប់ នៅមុខច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាប្រចាំថ្ងៃនេះ គឺត្រូវចំណាយលុយ បង់ជាប្រចាំខែ ទៅឱ្យមេគ្រប់គ្រង តាមគោលដៅនីមួយៗ តាមចំនួន ដែលពួកគេបានកំណត់។

ប្រភពបន្តទៀតថា ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូផាស្អាប់ pass app គឺត្រូវបង់លុយជាប្រចាំខែចំនួន ១នាក់ ក្នុងម៉ូតូ១គ្រឿង ចំនួន ២៥០០បាត (ពីរពាន់បាតលុយថៃ) ទៅ ៣០០០បាត (បីពាន់បាតលុយថៃ) ក្នុងមួយខែៗ ឬលើសពីនេះ។

ចំណែក ក្រុមអ្នករត់ម៉ូតូឌុប (VlP) គឺត្រូវបង់ ៥០០០បាត (ប្រាំពាន់បាតលុយថៃ) ទៅ ៦០០០បាត (ប្រាំមួយពាន់បាតលុយថៃ) គឺ មានសិទ្ធិអាចរត់ដេញចាប់ភ្ញៀវដោយសេរី។

សូមបញ្ជាក់ថា លោក ឃួន ឬទ្ធិ និង លោក អ៊ុក ស្រូយ គឺជា មន្រ្តីក្រោមឱវាទ របស់ លោកឧត្តមសេនីយ៍ត្រី  អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត  នាយកដ្ឋានច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

ផ្តើមពីបញ្ហានេះ  ប្រជាពលរដ្ឋ បានសំណូមពរដល់ លោក អុី ចំរើន ជួយត្រួតពិនិត្យពីភាពមិនប្រក្រតីខាងលើនេះផង ព្រោះវាមានភាពអនាធិបតេយ្យ និងគៀបសង្កត់អ្នកប្រកបរបរចិញ្ចឹមជីវិត របស់ពួកគាត់ហួសហេតុពេក ។

បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋ ក៏បានស្នើឱ្យ លោក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជាពិសេស លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្គេត និងមានចំណាត់ការ ចំពោះភាពមិនប្រក្រតីដែលកំពុងកើតមាន នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ឱ្យបានឆាប់តាមអាចធ្វើទៅបាន។

ទោះជាបែបនេះក្តី នៅមិនអាចទាក់ទងសុំការបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បាននៅឡើយទេ។ ខណៈ លោក ឃួន ឬទ្ធិ និងលោក អ៊ុក ស្រូយ ក៏មិនទាន់អាចស្នើសុំការបំភ្លឺបានដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង