ឆ្កែងាប់ជាង១០ក្បាល នៅខេត្តព្រៃវែង សង្ស័យសត្វខ្លាខាំ
ខេត្តព្រៃវែង ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ មួយសប្តាហ៍កន្លងមកនេះ នៅភូមិមួយ ក្នុងឃុំស្មោងខាងត្បូងស្រុកកំចាយមារ គេប្រទះឃើញខ្មោចឆ្កែប្រមាណ ១០ក្បាល បានងាប់ជាបន្តបន្ទាប់ និងមានទម្រង់ងាប់ប្រហាក់ប្រហែលគ្នា ពោលគឺមានស្នាមចង្កូមមុតនៅក ហើយមានស្នាមធ្លុះធ្លាយពោះ និងបាត់គ្រឿងក្នុងមួយចំនួនផង។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះ មានការភ្ញាក់ផ្អើលជាខ្លាំង ត្បិតរហូតមកដល់ ពេលនេះ ពួកគាត់ មិនទាន់ដឹកមូលហេតុ ដែលនាំឱ្យសត្វឆ្កែងាប់ ជាបន្តបន្ទាប់នោះទេ។
ទាក់ទិនករណីនេះ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅត្រួតពិនិត្យ និងសន្និដ្ឋានជាជំហ៊ានដំបូងថា អាចជាការវាយប្រហារពីសត្វខ្លានៅពេលយប់ ព្រោះរកឃើញដានជើងនៅកន្លែងកើតហេតុ ។
ទោះជាបែបនេះក្តី ចំណុចដែលមានការភ្ញាក់ផ្អើលថាមានសត្វខ្លាខាំឆ្កែនោះ មិនមានព្រៃស្តុកណាមួយ ដែលអាចឱ្យសត្វខ្លា មកលាក់ខ្លួនបានទេ។
ចំពោះករណី សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កំពុងតាមដាន និងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសនាពេលយប់ ដោយបារម្ភខ្លាច អាចមានគ្រោះថ្នាក់ជាយថាហេតុ៕