អ្នកសារព័ត៌មាន១៧ស្ថាប័ន ចុះស្វែងយល់ចំណេះដឹង ការអនុវត្តកសិអេកូឡូស៊ី នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នកសារព័ត៌មានចំនួន ១៧ស្ថាប័ន បានចុះស្វែងយល់ នូវចំណេះដឹងទាក់ទង ការអនុវត្តកសិអេកូឡូស៊ី នៅមូលដ្ឋានខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ការអនុវត្តកសិអេកូឡូស៊ី ជូនដល់ប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយថែមទៀត។

លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលកម្មវិធីបណ្ដាញកសិអេកូឡូស៊ី នៃអង្គការ Gret បានឱ្យដឹង ក្នុងកម្មវិធីទស្សនកិច្ចសិក្សា ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះថា សមាគមន៍និរន្ដរភាពដី ដើម្បីជីវិត (SSLA) សហការ ជាមួយ បណ្ដាញកសិអេកូឡូស៊ី កម្ពុជា (ALiSEA) រៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើង មានគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីគោលការណ៍ និងការអនុវត្តកសិអេកូឡូស៊ី ដល់អ្នកសារព័ត៌មាន ក្នុងទឹសដៅជួយជំរុញការផ្សព្វផ្សាយ ពីការអនុវត្តកសិអេកូឡូស៊ី ដល់កសិករ និងអ្នកពាក់ព័ន្ធនានា។

បន្ថែមលើនេះ ក៏ចង់បង្ហាញពី ករណីជោគជ័យ ក្នុងការគាំទ្រការអនុវត្តកសិអេកូឡូស៊ី នៅខេត្តបាត់ដំបង និងសម្របសម្រួលផ្សាភ្ជាប់ រវាងអ្នកសារព័ត៌មានកសិករ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីទទួលបានប្រភពព័ត៌មាន ពីការអនុវត្តកសិកអេកូឡូស៊ីនេះ។

លោក រឿម រចនា តំណាងសមាគមន៍និរន្ដរភាពដី ដើម្បីជីវិត (SSLA) បានឱ្យដឹងដែរថា បណ្ដាញកសិអេកូឡូស៊ី គឺមានថ្នាក់តំបន់ចំនួន៤ ប្រទេសគឺ កម្ពុជា ឡាវ វៀតណាម និងភូមា ដោយមានសមាជិកសរុបចំនួន ២៣៨ស្ថាប័ន ដើម្បីពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធ តាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងចែករំលែក នូវបទពិសោធន៍លើការអនុវត្ដកសិអេកូឡូស៊ី បង្កើនការបង្ហាញ និងជឿជាក់ លើការអនុវត្ដកសិអេកូឡូស៊ីទៅដល់ អ្នកបង្កើតគោលនយោបាយ និងប្រើបាស់ផលិតផលកសិអេកូឡូស៊ី និងបង្កើនការអភិវឌ្ឍ និងការទទួលយកការអនុវត្ដ កសិអេកូឡូស៊ី ក្នុងចំណោមកសិករ។

លោកបន្ដថា ការអនុវត្តកសិអេកូឡូស៊ីនេះ ដើម្បីលើកម្ពស់ការយល់ដឹងដល់ ប្រជាពលរដ្ឋ លើបច្ចេកទេស កសិអេកូឡូស៊ី និងរួមចំណេក ក្នុងគោលនយោបាយសាធារណៈ។

លោក រឿម រចនា បន្តថា ការធ្វើកសិកម្មបច្ចុប្បន្ននេះ គឺប្រើបច្ចេកវិទ្យា និងប្រើគីមីខ្លាំង តម្រូវឱ្យកសិករជំនួសធាតុចូល និងការអនុវត្ដតាមទម្លាប់ ដោយអនុវត្តកសិអេកូឡូស៊ី ដើម្បីរៀបចំប្រព័ន្ធអេកូឡូស៊ីឡើងវិញ ដោយឈរលើមូលដ្ឋាន នៃដំណើរការអេកូឡូស៊ីថ្មី។

ជាងនេះទៀត ក៏ត្រូវបង្កើតប្រសិទ្ធភាព នៃការប្រើប្រាស់ធនធាន និងកាត់បន្ថយធាតុចូល ដែលនាំចូល ខ្វះខាត និងប៉ះពាល់ដល់បរិស្ថានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង