ស្លាប់ម្នាក់របួសធ្ងន់ស្រាល ៥នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្លាប់ម្នាក់របួសធ្ងន់ ស្រាល ៥នាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នាពេលទាបភ្លឺយប់ថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១០នាទី លើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៩៩ ទៅគីឡូម៉ែត្រ១០០ ស្ថិតនៅក្រុមពូពូញ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ កើតឡើងដោយខ្លួនឯង រវាងរថយន្ត ម៉ាក តាកូម៉ា ស្លាក លេខ (ភ្នំពេញ 2AI 8479 ) បើកបរចេញពី ភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ធ្វើដំណើរឆ្ពោះមក ខេត្តមណ្ឌលគិរី ដើម្បីមកពិធីបុណ្យសពយាយ នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី លុះមកដល់ចំណុចស្ពានអូរាំង ឃុំសែនមនោរម្យ មានបងប្អូនហៅទូរស័ព្ទ មកហេីយប្រាប់ថា ឡានខូចនៅកណ្តាលព្រៃ ពួកគាត់ក៏បានបេីករថយន្តត្រឡប់ក្រោយ ក្នុងគោលបំណងទៅជួយមើលឡានបងប្អូន ដែលខូច។ លុះបើកបរមកដល់ចំណុចចន្លោះគីឡូម៉ែត្រលេខ៩៨៩ ដោយសារស្ថានភាព មេឃចុះអ័ព្ទខ្លាំងពេកមើលផ្លូវពុំសូវឃើញច្បាស់ ឡានក៏បានរេចង្កូតមកខាងស្ដាំ ជ្រុលទៅបុកតូបលក់ផ្លែឈើ និងបន្តទៅបុកចំបង្គោលខ្សែរកាបបាក់ជា៣ កំណាត់បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជើងឡេីងលេី ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅក្នុងរថយន្តមានមនុស្សទាំង ៦នាក់ អ្នកបើកបររថយន្ត ឈ្មោះ អូន ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល។

អ្នករួមដំណេីរទាំងនោះរួមមាន៖

១- ឈ្មោះ អូន ផាណូ ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល។

២- ឈ្មោះ អូន ស្រីណង ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងរបួសធ្ងន់ (កំរើកមួយកំណាត់ក្រោមមិនកើត)។

៣- ឈ្មោះ អូន ស្រីនួន ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិស្ដៅឯង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល។

៤- ឈ្មោះ អូន ស្រីនិច្ច ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្ដៅឯម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ស្លាប់ នៅនិងកន្លែង។

៥- ឈ្មោះ ប៉ូ រ៉ាត់ ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិធ្យូង ឃុំវិហារលួង ស្រុកវិហារលើ ខេត្តកណ្ដាល រងរបួសធ្ងន់ បាក់ភ្លៅខាងស្ដាំ និង បែកច្រមុំ។

អ្នករងបួសធ្ងន់ ២នាក់ និងរងរបួសស្រាល ៣នាក់ បានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី។

រីឯអ្នកស្លាប់ សមត្ថកិចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង បានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង