អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ។
ពិធីនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងថ្នាក់ដឹកនាំជាមួយ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំ និងដើម្បីជាការបង្ហាញ នូវភាពស្និទស្នាល ក្នុងនាមជាមហាគ្រួសារតែមួយ ហើយក៏ជាលើកដំបូង សម្រាប់ការបង្ហាញខ្លួនជា អភិបាលខេត្តត្បូងឃ្មុំ។
នាឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា សូមបងប្អូនធ្វើការដោយមានសាមគ្គីភាពផ្ទៃក្នុង តាមមូលបទ ក្រុមគ្រួសារខេត្តត្បូងឃ្មុំ តែមួយ ហើយមន្ត្រីទាំងអស់ សូមមានការរួបរួមគ្នាជាធ្លុងមួយដើម្បីធ្វើឱ្យមានសាមគ្គីភាព និងភាពរីកចម្រើនសម្រាប់ រដ្ឋបាលខេត្តត្បូងឃ្មុំ។
ទន្ទឹមគ្នានឹះ លោកអភិបាលខេត្ត ក៏ស្នើឱ្យលោកនាយករដ្ឋបាល និងនាយកទីចាត់ការធនធានមនុស្សរៀបចំពិនិត្យ មើលលទ្ធភាពមន្រ្តីជាប់កិច្ចសន្យាចំណុះ រដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំឱ្យមានតម្លាភាព និងសមភាពរវាងគ្នា នឹងគ្នា។
លោក ប៉ែន កុសល្យ បន្តទៀតថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំកម្មវិធីប្រគុំតន្ត្រីខ្នាតធំ ដើម្បីធ្វើការអបអរសាទរ ចំពោះការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយធ្វើការអុជកាំជ្រួច ទូងស្គរ វាយគង នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះផងដែរ៕