អាជ្ញាធរជាតិអប្សរា ដកទំនប់ការពារចេញពីការដ្ឋាន របស់ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត
ខេត្តសៀមរាប ៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើម ដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ ចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹក ឱ្យមានសភាពដូចដើមឡើងវិញ។
ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។
អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុក ដកទំនប់ការពារ មានប្រសាសន៍ថា គម្រោងជួសជុលស្ពានហានខាងលិច ប្រាសាទអង្គរវត្ត បានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារ ដែលនៅសេសសល់ គឺការដកទំនប់ការពារ ដែលទប់ទឹកមិនឱ្យចូលការដ្ឋាន កាលណោះចេញវិញ។
ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិច ប្រាសាទអង្គរវត្តនោះ មានបណ្តោយប្រវែង ២៣០ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ និងកម្ពស់ ២ម៉ែត្រកន្លះ។
ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាព របស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំ នៃរចនាសម្ពន្ធស្ពាន ដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។
អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពី របាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុង រួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុក នៅលើគោកជាដើម៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា