លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី រិះគន់ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច និយាយរឿងខ្មែរក្រោម

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច លោក សុខ ឥសាន ក្រោយរងការរិះគន់ខ្លាំងពី មហាជនលើការអធិប្បាយ របស់ខ្លួន ដែលថា ខ្មែរក្រោម ជាជនជាតិវៀតណាមនោះ បានសម្តែងការសាទរ ចំពោះខ្មែរកម្ពុជាក្រោម ដែលត្រូវបានរដ្ឋាភិបាលវៀតណាម ទទួលស្គាល់ និងធ្វើអត្តសញ្ញាណប័ណ្ណសម្គាល់ ជាសញ្ជាតិវៀតណាម ហើយបានបញ្ជាក់លើអត្តសញ្ញាណប័ណ្ណថា ជាជនជាតិខ្មែរផងនោះ។

ត្រង់ចំណុចនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានថ្លែងថា លោក សុខ ឥសាន ហាក់ដូចជាមានមោទនភាព ចំពោះអំណាចដឹកនាំ របស់បក្សខ្លួនទៅនឹងរបៀបជិះសេះលែងដៃ។ ក្នុងនាមខ្លួន ជាអ្នកនាំពាក្យ និងជាអ្នកនយោបាយ នៃគណបក្សកាន់អំណាច ត្រូវធ្វើជាគំរូ សម្រាប់អ្នកនយោបាយ ហើយសម្តីក្នុងការនាំពាក្យត្រូវមានការប្រុងប្រយ័ត្ន កុំចេះតែនិយាយអាងខ្លួនមានអំណាច។

លោក មាជ សុវណ្ណារ៉ា និយាយថា៖«យើងជាអ្នកនយោបាយ ហើយជាអ្នកតំណាងរាស្ត្រ ចុងក្រោយនេះជាសមាជិកព្រឹទ្ធសភាទៅទៀត យើងក៏មាន[ភាព]ចាស់ទុំ យើងគួរតែធ្វើជាព្រឹទ្ធាចារ្យ ក្នុងការនិយាយប្រយ័ត្នប្រយែង ព្រោះយើងជាអ្នកនយោបាយ ជាព្រឹទ្ធាចារ្យ ជាអ្នកច្បាប់ គឺយើងត្រូវមានសីលធម៌ សម្តីឱ្យទន់ភ្លន់។ និយាយឱ្យវាមានហេតុផល»។

លោកបានបន្ថែមថា៖«ហើយយើងឱ្យយល់ ឱ្យយល់ថា ខ្មែរកម្ពុជាក្រោម គឺជាខ្មែរម្ចាស់ប្រទេស។ ទោះបីត្រូវអាណានិគមបារាំងកាត់ឱ្យ [វៀតណាម] ក៏ដោយ តែខ្មែរនៅតែជាខ្មែរ នៅតែម្ចាស់ប្រទេស មិនមែនជនជាតិភាគតិចនៅក្នុងប្រទេសវៀតណាម»។

យ៉ាងណា លោក សុខ ឥសាន បានប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៧ កក្កដា ថា៖«ជនជាតិដើមខ្មែរក្រោម គ្មាននរណាអាចបដិសេធ ឬលុបបំបាត់បានទេ ព្រោះវាជាសច្ចធម៌ប្រវត្តិសាស្ត្រ។ តែនៅពេលទឹកដីកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រង របស់សាធារណរដ្ឋសង្គមនិយមវៀតណាម បងប្អូនខ្មែរក្រោម មានសញ្ជាតិជាវៀតណាម ដែលស្ថិតក្នុងចំណោមប្រជាពលរដ្ឋវៀតណាម ជិត ១០០លាននាក់»៕ ប្រភព ៖ CNN

អត្ថបទដែលជាប់ទាក់ទង