រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមដាំកូនឈើ ដើម្បីអបអរសាទរ រុក្ខទិវា ៩ កក្កដា
ខេត្តក្រចេះ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ចាត់ទុកការដាំដើមឈើបន្ថែម ពីលើឈើធម្មជាតិ គឺដើម្បីបង្កើនភាពបៃតង ក្នុងសហគមន៍ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ និងធ្វើឱ្យសម្បូណ៌បែបឡើងវិញ នូវជីវៈចម្រុះ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល
ដ្ឋានខេត្តក្រចេះ មានប្រសាសន៍បែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពិធីដាំកូនឈើ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យកសាង ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ។
ពិធីដាំកូនឈើនេះធ្វើឡើង ដើម្បីចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ដោយមានការអញ្ជើញចូលរួមពី លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអប់រំក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។
នាឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាធនធានធម្មជាតិពិតជាសំខាន់ណាស់ ចំពោះមនុស្សជាតិ ព្រោះធម្មជាតិបានផ្តល់ នូវអ្វីៗទាំងអស់ ដើម្បីមនុស្សអាចរស់រានមានជីវិតបាន។ ហើយ ភាគច្រើននៃម្ហូបអាហារ ដែល មនុស្សបរិភោគគឺ បានមកពីធម្មជាតិ។
លោកបន្តថា ការដាំដើមឈើនៅ ក្នុងសហគមន៍នៅពេលនេះ ជាចំណែកមួយ នៃការចូលរួមធ្វើឱ្យសហគមន៍មានភាពបៃតង។
«សូមថែរក្សាឈើ ដែលយើងបានដាំ ដើម្បីឱ្យវារីកលូតលាស់ធំធាតុ និងសូមបងប្អូនចូលរួមការពារ និងអភិរក្សព្រៃឈើធម្មជាតិ នៅក្នុងតំបន់អភិរក្ស ឱ្យបានគង់វង្ស សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។
នេះជាការថ្លែង របស់លោក នេត្រ ភក្ត្រា នៅចំពោះមុខសហគមន៍ សិស្សានុសិស្ស និងមន្ត្រីរាជការ នៃខេត្តក្រចេះជាមួយការជំរុញ និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធខិតបន្តចូលរួមចលនាដាំដើមឈើ ក្នុងតំបន់សហគមន៍បន្ថែមលើឈើធម្មជាតិ ដែលមាននៅក្នុងព្រៃ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអ្នកចូលរួមពីសារៈប្រយោជន៍ នៃប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងភាពចាំបាច់ដែលមនុស្សជាតិត្រូវខិតខំប្រឹងប្រែង ក្នុងការដាំស្តារដើមឈើឡើងវិញ និងអភិរក្សព្រៃឈើ ដែលមានក្នុងធម្មជាតិស្រាប់ដើម្បីបង្កើតភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងសហគមន៍ និងបន្សល់កេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់បន្តថា ការចូលរួមរបស់បងប្អូន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងការដាំដើមឈើ មិនត្រឹមតែបង្កើភាពបៃតង បង្កើនគម្របព្រៃឈើ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែដើមឈើ ដែលបានដាំនៅពេលនេះ នឹងក្លាយជាព្រៃឈើ និងកេរដំណែលធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏ជាផ្នែកមួយ នៃការទាក់ទាញភ្ញៀវទេសចរនាអនាគតផងដែរ។
ការចូលរួមថែរក្សា ការពារព្រៃឈើ និងដាំកូនឈើ នៅគ្រប់ទីកន្លែង ដើម្បីបានជាប្រយោជន៍ដល់ការរស់នៅ របស់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ឱ្យបានគង់វង្សជាសម្បត្តិ របស់មនុស្សជាតិ។
បន្ថែមលើនេះ លោកក៏បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និង សិស្សានុសិស្សទាំងអស់ ឱ្យបន្តចូលរួមដាំដើមឈើ ថែរក្សាបរិស្ថាន ថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិអោយបានល្អដើម្បីផលប្រយោជន៍រួម។
«ការដាំដេីមឈេីមួយដេីម គឺស្មេីនឹងការបណ្តុះកោសិកាសួតមួយ នៃភពផែនដី»។
នេះជាការបញ្ជាក់ របស់លោករដ្ឋមន្ត្រី។
ក្នុងឱកាសពិធីដាំកូនឈើនេះដែរ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ថវិកាចំនួន ១លានរៀលដល់សាលារៀនកសាងដើម្បីទ្រទ្រង់តម្រូវការសាលារៀន។
ចំណែក លោកអភិបាលខេត្ត វ៉ា ថន និងភរិយា បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ២៦នាក់ ក្នុងម្នាក់ ២មុឺនរៀល សិស្សានុសិស្សចូលរួមដាំកូនឈើចំនួន ១០០ នាក់ក្នុងម្នាក់ ១ មុឺនរៀល៕
រូបថតដោយ៖ ខឹម សុវណ្ណារ៉ា