គ្រប់វត្តអារាមក្នុងខេត្តត្បូងឃ្មុំ បានត្រៀមរៀបចំវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទ ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីក ហ្វូណនតេជោ

ខេត្តត្បូងឃ្មុំ ៖ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គ្រប់វត្តអារាម ទាំង ២៥៥ ក្នុងខេត្តត្បូងឃ្មុំ បានត្រៀមរៀបចំវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក។

នេះបើយោងតាមការបញ្ជាក់ របស់លោក ហាក់ ហុន ប្រធានមន្ទីធម្មការនិងសាសនា ខេត្តត្បូងឃ្មុំ ។

លោក ហាក់ ហុន មានប្រសាសន៍ថា ឆ្លើយតបតាមការនែនាំ របស់ក្រសួងធម្មការ និងសាសនា ស្តីពីការវាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ គឺលោកបាន ទូលប្រគេន និងជូនដំណឺងទៅគ្រប់វត្តអារាមសាសនាទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ឱ្យត្រៀមរៀបចំពិធីនេះ ដោយធ្វើយ៉ាងណាបន្លឺសម្លេងឱ្យបានគងរំពង។

លោកបន្ថែមថា នេះជាថ្ងៃប្រវត្តិសាស្ត្រដែលកូនខ្មែរទាំងអស់ ពិតជាមានក្តីសប្បាយរីករាយ និងមោតនៈភាពបំផុត ក្រោមការដឹកនាំ របស់សម្តេវតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបាន នូវសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ ។

ជាមួយការរៀបចំនេះ ព្រះតេជគុណ យ៉ែម យ៉ាត គង់នៅវត្តវិហារទន្ទឹម មានសង្ឃដីការថា ព្រែកជីកហ្វូណនតេជោ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ក្នុងការដឹកជញ្ជូនទំនិញផ្សេងៗ ទៅកាន់កំពង់ផែសមុទ្រ ពោលគឺកាត់បន្ថយការចំងាយលើសេវាកម្មដឹកជញ្ជូន កាត់បន្ថយចំងាយផ្លូវ ពិសេសគឺរបាំងពន្ធ ដែលយើងកន្លងមកត្រូវបង់ឱ្យប្រទេសជិតខាង។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺពិតជាចំណេញខ្លាំងទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលយើងចាំបាច់ត្រូវតែចូលរួមអបអរសាទរ ព្រោះជាថ្ងៃប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា ទទួលបានសមិទ្ធិផលដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំគិតគូរប្រកមដោយកិត្តិបណ្ឌិត របស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចធិតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច ដើម្បីធ្វើការអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។

នេះបើយោងតាមការបញ្ជាក់ របស់លោក ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង