រដ្ឋបាលខេត្តត្បូងឃ្មុំ ធ្វើពិធីលែងកូនត្រីចម្រុះជាង ២ម៉ឺនក្បាល ចូលបឹងតាវ៉ាន់ ដើម្បីអបអរទិវាមច្ចជាតិ ១ កក្កដា
ខេត្តត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំង ៣ប្រភេទ និងសិស្សានុសិស្ស រៀបចំពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា ដោយបានលែងកូនត្រីចម្រុះជាង ២ម៉ឺនក្បាល ចូលបឹងតាវ៉ាន់ ស្ថិតនៅភូមិត្រេពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
នាឱកាសនោះ លោក ប៉ែន កុសល្យ មានប្រសាសន៍ថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍លែងត្រី ជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល ដែលក្នុងវេលានេះ ជារដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្មឱ្យកាន់តែធំ និងទូលំទូលាយ។ ទិវាមច្ឆជាតិ ក៏បង្ហាញឱ្យឃើញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាការពារធនធានធម្មជាតិជលផល ដែលមានស្រាប់ឱ្យស្ថិតស្ថេរ រក្សាបានភាពគង់វង្សយូរអង្វែង ចូលរួមសម្រេចគោលដៅអភិវឌ្ឍសហសវត្សរ៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានបញ្ជាក់ថា សម្រាប់បឹងតាវ៉ាន់ ដែលបានលែងកូនត្រី ក្នុងឱកាសនេះ គឺមិនអនុញ្ញាតិឱ្យនេសាទដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ ដោយប្រែក្លាយបឹងមួយនេះ ទៅជាតំបន់អភិរក្សរក្សាពូជត្រីចម្រុះ ដើម្បីជាប្រយោជន៍ សម្រាប់បងប្អូនប្រជាលរដ្ឋទាំងអស់គ្នា។ ក្នុងនោះយើងទាំងអស់គ្នាត្រូវចូលរួម ថែរក្សាបរិស្ថានឱ្យបានស្អាតក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ដើម្បីទាក់ទាញ ប្រជាពលរដ្ឋទាំង នៅក្នុងខេត្ត និងមកពីបណ្តា រាជធានី ខេត្ត នានាមកលេងកម្សាន្ត ព្រោះថាក្នុងបរិវេណបូរីរដ្ឋបាលខេត្ត ពិសេសជុំវិញបឹង និងអាងធម្មជាតិ ទាំង២ មានទេសភាព សោភ័ណភាព មិនចាញ់តំបន់ទេសចរណ៍ធម្មជាតិ តាមបណ្តាខេត្តនានាឡើយ ។
តាមរបាយការណ៍ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យមានការរៀបចំពិធីលែងត្រី អបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៤ នៅបឹងតាវ៉ាន់ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលគ្រោងលែងកូនត្រីពូជ ក្នុងស្រុកចំនួន ២១,០០០ ក្បាល រួមមាន៖ ត្រីប្រា ត្រីឆ្ពិន ត្រីកាហែ និងត្រីក្រាញ់។
លោកថា កន្លងមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សហការជាមួយ សប្បុរសជន បានលែងពូជត្រីមួយចំនួនដូចជា ៖ ត្រីរាជ ត្រីប្រាធំ ត្រីឆ្ពិន ត្រីខ្យា ត្រីរ៉ស់ ចូលក្នុងអាងតាវ៉ាន់នេះ ផងដែរដែរ៕