អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើតខាងត្បូង និងខាងជើង

ខេត្តសៀមរាប ៖ ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។

បច្ចុប្បន្នដោយសារកត្តា អាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមខ្លាំង ជាហេតុធ្វើឱ្យ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។

លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុង ជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុលតាំងពីគ្រឹះ រហូតដល់កំពូលប្រាសាទ។

លោកបន្តថា ការជួសជុលមាន ២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។
ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូក ជាមួយកំបោរបាយអពីលើ ដោយមានការតុបតែងលម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។

បច្ចុប្បន្នដោយសារ ប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា៖ ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើត បានបាត់ ទើបក្រុមអភិរក្ស នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញ ដោយយកចិត្តទុកដាក់បំផុត៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ ភោគ ជា/ក្រុមការងារជួសជុលប្រាសាទត្រពាំងផុង

អត្ថបទដែលជាប់ទាក់ទង