រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសដាក់ឱ្យប្រើប្រាស់ “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន”
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសដាក់ឱ្យប្រើប្រាស់ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា ក្រោយពី “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នេះមានការជជែកពិភាក្សា និងចេញជាផ្លែផ្កា រវាងសមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន នៅក្នុងសិក្ខាសាលានាពេលកន្លងមក។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា» នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បញ្ជាក់ថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ នៃមូលដ្ឋានគ្រឹះរួម របស់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
លោករដ្ឋមន្ត្រី បានបន្តថា មូលហេតុដែលចាំបាច់ សម្រាប់ការដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសារព័ត៌មាន នៅកម្ពុជានេះ ក៏ដោយសារតែ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន នៃបច្ចេកវិទ្យាសារព័ត៌មាន ក្នុងនោះក៏មានការផ្លាស់ប្តូរទម្រង់ នៃការផ្សព្វផ្សាយបែបបុរាណ ដែលសំដៅលើការផ្សាយតាមទូរទស្សន៍ ការសែត រោងពុម្ភជាដើម។ ផ្ទុយទៅវិញនៅពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយតាមបែបទំនើប ដែលសំដៅលើការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ដូចជា៖ គេហទំព័រ ហ្វេសប៊ុក តិកតុក ឬក៏បណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។
លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់បន្ថែមថា អ្វីដែលកំពុងតែប្រឈម នឹងធ្វើឱ្យគុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា គឺការបាត់បង់ជំនឿទុកចិត្តពីសាធារណជន ចំពោះសារព័ត៌មាន គឺនៅពេលដែល កំណើនការផ្សព្វផ្សាយទំនើបកើនឡើង ហើយប្រព័ន្ធផ្សព្វផ្សាយនេះ កើតចេញដំបូងផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក តិកតុក រហូតដល់យកជាមូលដ្ឋាន នៃការផ្សព្វផ្សាយព័ត៌មាន។
លោកបន្តថា នៅពេលបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានប្រមាណ២ពាន់ស្ថាប័ន។ ក្នុងនោះមានគេហទំព័រ ធីវីអនឡាញ ដែលជាប្រភេទព័ត៌មានទំនើបថ្មីមានចំនួនជាង ១ពាន់អង្គភាព កំពុងប្រតិបត្តិការផ្សាយ។ ប៉ុន្តែក៏មានសារព័ត៌មានអនឡាញមួយចំនួន ដែលកំពុងប្រតិបត្តិការក៏មិនទាន់បាន ចុះបញ្ជីត្រឹមត្រូវនោះទេ ដែលក្រសួងព័ត៌មាន កំពុងតែអំពាវនាវថែមទៀត ឱ្យពួកគេមកចុះបញ្ជីស្របច្បាប់ ដើម្បីប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មាន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី នេត្រ ភក្រ្ដា បញ្ជាក់ថា អាជ្ញាបណ្ណ ដែលក្រសួងអនុញ្ញាតកន្លងមក គឺបង្កើតគេហទំព័រ តែគាត់មិនបានបង្កើតគេទំព័រទេ បែរជាបង្កើតត្រឹមតែហ្វេសប៊ុក ឬ TV អនឡាញ ឬគណនីហ្វេសប៊ុកជាសារព័ត៌មានតែប៉ុណ្ណោះ។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី លើកឡើងថា ការធ្វើបែបនេះ មិនស្របតាមច្បាប់ ដោយសារក្រសួងអនុញ្ញាតឱ្យបើកគេហទំព័រ តែគេបែរជាបើកហ្វេសប៊ុក ដែលចំណុចនេះ គេមិនទាន់បានបំពេញលក្ខខ័ណ្ឌពេញលេញ ក្នុងច្បាប់ ដូចដែលការផ្តល់អាជ្ញាបណ្ណ៕