ធ្វើដំណើរទៅសែនក្បាលទឹក ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់៥នាក់និងរបួស២នាក់ នៅតាមផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា មនុស្ស ៧នាក់ បានស្លាប់និងរបួស (ស្លាប់៥នាក់របួសធ្ងន់២នាក់) ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ហាយឡែនឌរ័ បុកជាមួយ រថយន្តកុងតឺនរ័ កាលពីព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨៧-១៨៨ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

សមត្ថកិច្ច បញ្ជាក់ថា គ្រោះថ្នាក់នេះ កើតឡើង រវាងរថយន្ដ ០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7 15 6 ដែលមានទិសដៅពីរាជធានីភំ្នពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ហេង សុខលាង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងអ្នករួមដំណើរចំនួន ៦នាក់ ស្រីចំនួន ៥នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកជាមួយ រថយន្ដកុងតឺនរ័ ១គ្រឿងម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1 53 4 និងសណ្តោងរ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ 4A-0 01 2 ដែលមានទិសដៅផ្ទុយគ្នា (អ្នកបើកបររត់គេច មិនទាន់ស្គាល់អត្តសញ្ញាណ ) បានបុកចំពីខាងមុខតែម្ដង។

 

គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៥នាក់ ស្រី០៤នាក់ និងប្រុស០១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ និង រងរបួសចំនួន ២នាក់ (អ្នកបើកបររថយន្ដ ភេទប្រុស និងអ្នករួមដំណើរភេទស្រី ចំនួន១នាក់)។

 

សមត្ថកិច្ច កំពុងបន្តស្វែងរកសាច់ញាតិជនរ ងគ្រោះ។ រីឯអ្នករបួស បានបញ្ចូនទៅសង្គ្រោះនៅគ្លីនិចឯកជន លិ គឹមឌី ឃុំវាលរេញ រីឯវត្ថុតាង (រថយន្ដ) ត្រូវសមត្ថកិច្ច នាំយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង