ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើត ប្រាសាទបន្ទាយប្រី

ខេត្តសៀមរាប ៖ ចម្លាក់បដិមាទ្វារបាល (យក្ស) ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះឃើញ នៅទិសខាងកើត របស់ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ខណៈពេល ដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។

បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃ របស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។

តាមការសន្និដ្ឋាន របស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំ របស់រចនាសម្ពន្ធខាងលើ នៃខ្លោងទ្វារនេះ។

ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អ ស្ទើរតែពេញលេញ។

លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាព នៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួន នៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃ ផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់ នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ ១,៦០ម៉ែត្រ៕

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ ភោគ ជា/ ជា សារិទ្ធ

អត្ថបទដែលជាប់ទាក់ទង