ប្រទេសឥណ្ឌូនេស៊ី ចង់ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រាសាទ Borobudur និងប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ
ខេត្តសៀមរាប ៖ គណៈប្រតិភូ នៃខេត្ត Central Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី មួយក្រុម បានជួបពិភាក្សាជាមួយ អាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីពិភាក្សាផ្ដោតសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្តិការ លើការងារថែរក្សា ការពារ និងអភិរក្សប្រាសាទបុរាណ រវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងខេត្ត Central Java ឱ្យកាន់តែប្រសើរថែមទៀត។
លោក ស្រី Muhammad Isnaeni ជាប្រធានក្រុមគណៈប្រតិភូ មានប្រសាសន៍ថា ខេត្ត Central Java របស់សាធារណរដ្ឋឥណ្ឌូនេស៊ី បានចុះអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ជាមួយ អាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការថែរក្សា អភិរក្សប្រាសាទបុរាណ Borobudur និងប្រាសាទអង្គរវត្ត តាំងតែពី ឆ្នាំ២០១៧ មកម៉្លេះ។
លោក ស្រី បន្តទៀតថា លោកស្រី សង្គេតឃើញ ប្រាសាទអង្គរវត្ត របស់កម្ពុជា មានអាទិភាព និងចំណុចពិសេសជាច្រើន ទាំងកិច្ចការពារ អភិរក្ស អភិវឌ្ឍន៍ សោភ័ណភាព បរិស្ថាននិងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាដើម។ លោក ស្រី ចង់ស្វែងយល់អំពីការងារជាច្រើន របស់អាជ្ញាធរជាតិអប្សរា ជុំវិញកិច្ចការពារ និងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទាំងនោះ។
អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានបង្ហាញក្តីសោមនស្សរីករាយ ដែលគណៈប្រតិភូនៃខេត្ត Central Java មានចំណាប់អារម្មណ៍ឡើងវិញ លើកិច្ចសហប្រតិបត្តិការ ជាមួយគ្នានេះ។
លោកថា តាំងតែពីអំឡុងឆ្នាំ២០១៩ គឺអាជ្ញាធរជាតិអប្សរា និងខេត្ត Central Java បានធ្វើការជាមួយគ្នា លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទបុរាណ Borobudur និងប្រាសាទអង្គរវត្ត។ ក៏ប៉ុន្តែការងារនេះបានអាក់ខានមួយរយៈ ចាប់តាំងពីមានការរាត្បាត ដោយជម្ងឺកូវីដ-១៩ មក។
លោក ឡុង កុសល បន្ថែមទៀតថានៅពេលនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចរាល់ហើយ នៅក្នុងកិច្ចសហប្រតិបត្តិការ ទៅតាមអនុស្សារណៈ នៃការយោគយល់គ្នា តាមការចង់បាន របស់ភាគីឥណ្ឌូនេស៊ី។
លោកបង្ហាញជំនឿថា កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរានិងខេត្ត Central Java នៃប្រទេសឥណ្ឌូនេស៊ី នឹងទទួលបានជោគជ័យ នៅថ្ងៃអនាគត ដោយសារយើង បានរៀនសូត្រពីគ្នាទៅវិញទៅមក។
ចំណែកខេត្ត Central Java បានមើលឃើញថា ប្រទេសឥណ្ឌូនេស៊ី ដែលមាន ប្រជាពលរដ្ឋ ជាច្រើនរយលាននាក់ គឺអាចជាសក្ដានុពល នៃវិស័យទេសចរណ៍ សម្រាប់ កម្ពុជាបាន ប្រសិនបើកម្ពុជារៀបចំ សម្រួលកន្លែងស្នាក់នៅ និងភោជនីយដ្ឋាន បែបហាឡាល់ (Halal Food) ឱ្យបានទូលំទូលាយ សម្រាប់អ្នកគោរពសាសនាឥស្លាម នោះ៕