ស្លាប់២របួស២៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ ព័ត៌មានបន្ថែម របស់រដ្ឋបាលស្រុកកំពង់សីលា បានបញ្ជាក់ក្នុងរបាយការណ៍ចុងក្រោយ អំពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញ បុកប៉ះជាមួយរថយន្តដឹកកម្មកររោងចក្រ នៅផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ ១២៧-១២៨ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ជារួមមាន៖ អ្នកស្លាប់ ចំនួន ០២នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន ២៦នាក់ (ស្រី១៦នាក់) ។
ក្រោយកើតហេតុ អ្នករងរបួស បានបញ្ជូនទៅសង្គ្រោះបឋម នៅតាមមន្ទីរពេទ្យមូលដ្ឋានក្បែរនោះ មានដូចជា៖មណ្ឌលសុខភាពតក្តវិត, មន្ទីរពេទ្យបង្អែកស្រែអំបិលជាដើម និងក្រោយមកអ្នករបួសទាំងនោះ បានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺនិងមន្ទីរពេទ្យនៅភ្នំពេញ។ ហើយបច្ចុប្បន្នការសម្រាកព្យាបាលរួមមាន៖
– មន្ទីរពេទ្យកំពង់ស្ពឺកំពុងសម្រាកព្យាបាលចំនួន ១០នាក់ ។
– មន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) កំពុងសម្រាកព្យាបាលចំនួន ០៧នាក់។
– មន្ទីរពេទ្យតេជោសន្ដិភាពកំពុងសម្រាកព្យាបាលចំនួន ០៩នាក់៕