នគរបាលខេត្តតាកែវ ចាប់ខ្លួនចិនតៃវ៉ាន់ម្នាក់ ក្រោយជននេះ ប្រើកាំភ្លើងខ្លីបាញ់អស់៧១គ្រាប់
ខេត្តតាកែវ ៖ កម្លាំងនគរបាល ខេត្តតាកែវ បានចាប់ខ្លួន ជនជាតិចិនតៃវ៉ាន់ម្នាក់ បញ្ជូនទៅសួរនាំ ក្រោយជននេះ បានប្រើកាំភ្លើងខ្លី បាញ់រះឡើងលើមេឃ ទាំងកណ្ដាលយប់អស់ ៧១គ្រាប់។
ហេតុការណ៍នេះ បានកើតឡើង នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ច នគរបាល បានឲ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ អាយុ ២០ឆ្នាំ បានប្រើប្រាស់កាំភ្លើងខ្លី ម៉ាក Sig Sauer។
ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ សមត្ថកិច្ច មិនទាន់បញ្ជាក់ឲ្យដឹងទេ។
ទាក់ទងករណីនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យ ជនជាតិចិនតៃវ៉ាន់ ខាងលើនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងកំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបាទី។
លោកថា “លួចបាញ់បាន ប៉ុន្តែគុកនៅរង់ចាំជានិច្ច ដោយគ្មានជនណា អាចប្រព្រឹត្តបទល្មើស ហើយរួចខ្លួនពីសម្លាញ់ច្បាប់នោះឡើយ”៕