លោក ស ថេត បញ្ជាក់ថា ពិតជាមានការចាប់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី នៅប្រទេសរុស្ស៊ី ពិតប្រាកដមែន

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគបាលជាតិ បានឲ្យដឹងថា ពិតជាមានការចាប់ខ្លួន បុគ្គលឈ្មោះ ហេង សិទ្ធី នៅប្រទេសរុស្ស៊ី ពិតប្រាកដមែន ប៉ុនែ្តមិនទាន់បញ្ជូន មកដល់ប្រទេសកម្ពុជា នៅឡើយទេ។

លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកកាសែតថា “ការចាប់ខ្លួនបុគ្គល ឈ្មោះ ហេង សិទ្ធី គឺជារឿងពិតមែនហើយ។ ឥឡូវក្រសួងយុត្តិធម៌ និងក្រសួងការបរទេសកម្ពុជា បានបំពេញបែបបទធ្វើបត្យាប័នទៅកាន់អគ្គព្រះរាជអាជ្ញា នៃប្រទេសរុស្ស៊ីរួចហើយដែរ ក្រោយភាគីរុស្ស៊ី តម្រូវឱ្យភាគីកម្ពុជាបំពេញ បែបបទនិងឯកសារគ្រប់គ្រាន់ ដើម្បីបញ្ជូនខ្លួនអតីតឧកញ៉ារូបនេះ មកកាន់ប្រទេសកម្ពុជាវិញ”។

លោកស ថេត បញ្ជាក់ថា មិនទាន់កំណត់ ពេលវេលាច្បាស់លាស់ណាមួយថា នឹងត្រូវបញ្ជូនឈ្មោះ ហេង សិទ្ធី មកដល់កម្ពុជា ពេលណាពិតប្រាកដទេ។ តែសំណុំឯកសារពាក់ព័ន្ធ ដែលអគ្គព្រះរាជអាជ្ញារុស្ស៊ី ត្រូវការ “យើងបានបញ្ជូនទៅអស់ហើយគឺរង់ចាំតែសម្រេចចុងក្រោយពីភាគីរុស្ស៊ី តែប៉ុណ្ណោះ”។

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឱ្យចាប់ខ្លួនពីបទ គំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

អាជ្ញាធរកម្ពុជា ក៏បានស្នើសុំនិវេទន៍ក្រហមពីប៉ូលិសអន្តរជាតិ ដើម្បីតាមស្វែងរកចាប់ខ្លួនឈ្មោះនេះ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេស។

យ៉ាងណាមិញ នៅពេលនេះ សមត្ថកិច្ច រុស្ស៊ី បានចាប់ខ្លួន ឈ្មោះ ហេង សិទ្ធី នឹងត្រៀមបញ្ជូន មកប្រគល់ជូន សមត្ថកិច្ចកម្ពុជា ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង