គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សម្នាក់ទៀតហើយ នៅផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូវ៉ាជែងរួចដួលចូលក្រោមរថយន្ដ) នៅឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ នៅម៉ោង ១៦ និង៤១នាទី ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៤-១៨៥ ស្ថិតក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រោះថ្នាក់នេះ កើតឡើងរវាងម៉ូតូ ០១គ្រឿងម៉ាក HONDA SCOOPY I ពណ៌ស មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ចិន ឆលីហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ពាក់មួកសុវត្ថិភាព) លុះមកដល់ចំណុចខាងលើ ក៏បានឡើងវ៉ាជែង (វ៉ាស្ដាំ) រថយន្ដ ០១គ្រឿងម៉ាក HINO ពណ៌ស ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សុខ សារ៉ូត ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យម៉ូតូទាក់ដៃចង្កូត រួចអ្នកបើកបរម៉ូតូ ខ្ទៀតចូលទៅក្រោមរថយន្ដ បណ្ដាលឲ្យកង់រថយន្ដខាងក្រោយផ្នែកខាងស្ដាំ បានកិនអ្នកបើកបរម៉ូតូស្លាប់ នៅកន្លែងកើតហេតុតែម្ដង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សស្លាប់ ០១នាក់ ៖
– ឈ្មោះ ចិន ឆលីហ៊ាង ភេទប្រុស អ្នកបើកបរម៉ូតូ (ស្លាប់នៅកន្លែងកើតហេតុ) ។
បច្ចុប្បន្ន សមត្ថកិច្ច បានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង (រថយន្ដនិងម៉ូតូ) បានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់ ។
ដោយឡែក អ្នកបើកបររថយន្ដ HINO បានបើកបររថយន្ដគេចចេញពីកន្លែងកើត បន្ទាប់មក ក៏ត្រូវកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំតានៃ និងកម្លាំងជំនាញ បានឃាត់រថយន្ដ និងអ្នកបើកបររថយន្ដបាន នៅចំណុចផ្លូវបំបែកកែវផុស ឃុំតានៃ។
បច្ចុប្បន្ន អ្នកបើកបររថយន្ដ ត្រូវសមត្ថកិច្ច នាំយកមកសួរនាំ ដើម្បីបន្ដនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕