យុវតី ឆាយ យ៉ាវិន ឈ្នះជ័យលាភីជាមេដាយមាស លំដាប់ពិភពលោក លើមុខវិជ្ជាប្រវត្តិសាស្រ្ត នៅសហរដ្ឋអាមេរិក

រាជធានីភ្នំពេញ ៖ យុវតី ឆាយ យ៉ាវិន ជាកូនស្រីពៅ ក្នុងគ្រួសារសប្បុរសសាមញ្ញមួយ រស់នៅរាជធានីភ្នំពេញ នាងបានកើតនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១១។ ហើយ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ មានវ័យ ១៣ឆ្នាំនឹងឈានចូល ១៤ឆ្នាំ។ យ៉ាវិន មានបងប្អូនបង្កើតចំនួន ៤នាក់ ប្រុស ២នាក់ ស្រី២នាក់ ជាកូនពៅ ក្នុងគ្រួសារ ដោយមានមុខមាត់ កាត់ទៅរកលោកឪពុក។ នាងបានចូលរៀន សាលាមត្តេយ្យ នៅអាយុ ៣ឆ្នាំ។ ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៥ សព្វថ្ងៃរៀននៅ សាលាអន្តរជាតិ ស៊ី អាយ អេ (CIA) ថ្នាក់ទី៨។

កាលពីនៅកុមារី ឆាយ យ៉ាវិន ចូលចិត្តរាំរបាំ គឺរបាំអប្សរា និងរបាំបាឡេ។ ប៉ុន្តែចូលដល់វ័យជំទង់ នាងចូលចិត្តកីឡាហែលទឹក ព្រោះនាងមានក្ដីប្រាថ្នាមួយ គឺចង់ចូលរួមប្រកួត កីឡាស៊ីហ្គេម វិញ្ញាសាហែលទឹក នៅពេលនាងគ្រប់អាយុចូលប្រកួតក្នុង ស៊ីហ្គេម បាន។

ឆាយ យ៉ាវិន ជាក្មេងស្រីឆ្នើមឧស្សាហ៍ព្យាយាមរៀនសូត្រ ហើយឆ្លាតឈ្លាសវៃស្ដាប់បង្គាប់ឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ។ នៅក្នុងសាលា នាងពូកែខាង ប្រវត្តិសាស្រ្តខ្មែរ និងភាសាអង់គ្លេស។ លើសពីនេះ នាងជាក្មេងស្រីកម្រទុកពេល ឱ្យនៅទំនេរណាស់ ក្រៅពីម៉ោងសិក្សានៅសាលារៀន ឆាយ យ៉ាវិន តែងតែសិក្សាស្រាវជ្រាវ និងអានសៀវភៅជាប្រចាំថ្ងៃ។ ឆាយ យ៉ាវិន ជាក្មេងស្រី ដែលរួសរាយរាក់ទាក់ ចូលចិត្តរាប់អានអ្នកផងទាំងពួង មិនយកអ្នកណាម្នាក់ជាសត្រូវឡើយ។

ដោយមានការលើកទឹកចិត្ត និងផ្ដល់ភាពកក់ក្ដៅពី ឪពុកម្ដាយ ឆាយ យ៉ាវិន បានខិតខំរៀនសូត្រយ៉ាងសកម្មមុននឹងទទួលបាន ជ័យលាភីជាមេដាយមាស លំដាប់ពិភពលោក លើមុខវិជ្ជាប្រវត្តិសាស្រ្ត ជូនគ្រួសារ និងប្រទេសកម្ពុជា។

នៅក្នុងដំណើរការប្រឡងប្រជែងនោះ ឆាយ យ៉ាវិន ត្រូវប្រឡងនៅ ប្រទេសកូរ៉េ និងចុងក្រោយនៅ សហរដ្ឋអាមេរិក។

ថ្លែងពីឪពុកម្ដាយវិញ ក្នុងទឹកចិត្តសោមនស្សរីករាយ ប្រកបដោយមោទកភាពផងនោះ លោកស្រី ឆាយ លីណា អគ្គនាយិការង

នៃវិទ្យុជាតិកម្ពុជា ដែលត្រូវជាម្ដាយរបស់ ឆាយ យ៉ាវិន បានរៀបរាប់យ៉ាងរំភើប ក្នុងសម្ដីក្ដុកក្ដួលអួលដើមកនៅក្នុងពិធីអបអរសាទរដល់កូនស្រី ដែលទទួលបាន ជ័យលាភីជាមេដាយមាសលំដាប់ពិភពលោក​ យ៉ាងដូច្នេះថា « ខ្ញុំរំភើបចិត្តណាស់ពេល ឃើញរូបកូនស្រីនៅក្នុងទូរទស្សន៍ ប្រទេសកូរ៉េ កាន់ទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងនាមម្ចាស់ 

មេដាយមាស លំដាប់ពិភពលោក ដល់ទៅពីរ »

ចំណែក លោកបណ្ឌិត ភីតថឺ​ លី ដែលត្រូវជាឪពុក ពុំមានយោបល់អ្វីក្រៅពីបង្ហាញទឹកមុខញញឹម និងរៀបចំកម្មវិធីហូបអាហារសាមគ្គី ជូនបងប្អូនសាច់ញាតិពេលល្ងាច ដើម្បី អបអរសាទរកូនស្រី ដែលទទួលបាន មេដាយមាស លំដាប់ពិភពលោក ដោយទឹកចិត្ត សោមនស្សរីករាយយ៉ាងក្រៃលែងនោះទេ។

ក្នុងពិធីអបអរសាទរ ជ័យយលាភីមេដាយមាសលំដាប់ពិភព នាយប់ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០២៥​ ដែលរៀបចំឡើងដោយ ឪពុកមា្ដយ របស់ ឆាយ យ៉ាវិន នៅគេហដ្ឋាន របស់ពួកគាត់ឯ ភូមិស្វាយជ្រុំ​ សង្កាត់​ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល យុវតី ឆាយ យ៉ាវិន បានផ្ដល់ពិសោធន៍ថា « ដើម្បីទទួលបានចំណេះដឹងខ្លាំង យើងត្រូវធ្វើស្វ័យសិក្សា និងអានសៀវភៅ ឱ្យបានច្រើន »។ ចុងក្រោយនាងបានជូនសារខ្លីមួយប្រកបដោយអត្ថន័យជ្រាលជ្រៅដល់យុវវ័យស្រករៗគ្នាថា « មានក្ដីស្រមៃខ្ពស់

សម្រេចក្ដីបំណងខ្ពស់ »

អត្ថបទដែលជាប់ទាក់ទង