FASMEC បើកវគ្គបណ្តុះបណ្តាលស្តីអំពី “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” ជូនដល់ម្ចាស់អាជីវកម្មនានា

ខេត្តព្រះសីហនុ ៖ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីអំពី “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” ជូនដល់ម្ចាស់អាជីវកម្មមួយចំនួន ដោយចូលរួមជា គណៈអធិបតីពី លោក ឈុន សារុំ អនុប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ។

លោក ឈុន សារុំ ជាតំណាងឲ្យ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុម

ប្រឹក្សាភិបាលសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ឬហៅកាត់ (FASMEC) បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីអ្នកស្រី មុំ រ៉ាណា តំណាងក្រុមហ៊ុនមេគង្គអ៊ុនក្លូស៊ីវ វេនឈរ (M.I.V), លោក ច័ន្ទ មករា ប្រធានផ្នែកទំនាក់ទំនង នៃធនាគារកាណាឌីយ៉ាសាខា ខេត្តព្រះសីហនុ ព្រមទាំង លោក លោកស្រី ជាម្ចាស់អាជីវកម្មជាច្រើនទៀត។

ពិធីនេះរៀបចំឡើង នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ របស់មន្ទីរឧស្សាហកម្ម ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ឈុន សារុំ អនុប្រធានសមាគម សហគ្រាសធុនតូច និងមធ្យមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល ស្តីពី “លទ្ធភាពក្នុងការ ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” របស់ FASMEC កន្លងមក មានដូចជា៖ រៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ   កម្មវិធីតាំងពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក កម្មវីធីផ្គូរផ្គងអាជីវកម្ម និងកម្មវិធីជាច្រើនទៀត ប្រយោជន៍ដើម្បីជួយពង្រឹង និងគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ក្នុងខេត្តព្រះសីហនុ  FASMEC ក៏ធ្លាប់សហការរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះ ចំនួន ២ដងរួចមកហើយ គឺវគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មហិរញ្ញវត្ថុ”  សហការណ៍ ជាមួយក្រុមហ៊ុន Agile និងវគ្គបណ្តុះបណ្តាលស្តីពី “ទីផ្សារ (ឌីជីថល)” សហការណ៍ជាមួយ ក្រុមហ៊ុន មេគង្គ អ៊ុន គូស៊ីវ វេនន័រ (M.V) ដែលមានអ្នកចូលរួមប្រមាណ ២៥នាក់ ក្នុងមួយវគ្គៗ។

បន្ថែមលើនេះ លោក ឈុន សារុំ បញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាល នៅពេលនេះ អាចកើតឡើងទៅបាន ដោយមានក្រុមហ៊ុន (M.I.V និង FASMEC) ជាអ្នកផ្តួចផ្តើម ក្រោមជំនួយថវិកាបដិភាគ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមសហការណ៍ដោយ ធនាគារកាណាឌីយ៉ាផងដែរ។

លោកបន្តថា  គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងទាក់ទង នឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពី មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ឲ្យយល់ដឹងពីលក្ខខណ្ឌ ការរៀបចំលិខិតស្នាម និងតម្រូវការសំខាន់ៗ នៃការទទួលបានប្រាក់កម្ចី យល់ដឹងអំពី ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម យល់ដឹងពីបញ្ហាប្រឈមទូទៅដែលសហគ្រាសធុនតូច និងមធ្យម ជួបប្រទះ ក្នុងការទទួលបាន ហិរញ្ញប្បទាន យល់ដឹងអំពីលក្ខណៈវិនិច្ឆ័យ ឬតម្រូវការ របស់ធនាគារ (5C) ឲ្យទទួលបាន ចំណេះដឹងអំពីការបរិយាបន្ន ហិរញ្ញប្បទាន និងយល់ដឹងអំពីដំណើរការ នៃការចុះឈ្មោះអាជីវកម្ម។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ មានរយៈពេល ១ថ្ងៃពេញ និងមានអ្នកចូលរួមចំនួន ២៥នាក់។ ហើយកម្មវិធីនេះ នឹងបន្តធ្វើនៅទូទាំង ២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥។ គម្រោង នេះ អាចមានអ្នកចូលរួមសរុបចំនួន ៦២៥នាក់។

លោក ឈុន សារុំ ឲ្យដឹងដូច្នេះ រួចបានស្នើរដល់ ម្ចាស់អាជីវកម្មទាំងអស់ ដែលមានវត្តមាននៅក្នុង

វគ្គបណ្តុះបណ្តាលថ្ងៃនេះ សូមចូលរួមឲ្យដល់ទីបញ្ចប់ និងត្រៀមសំណួរ ឲ្យបានច្រើន ជាពិសេសត្រូវព្យាយាមក្រេបយកចំណេះដឹងនេះ និងព័ត៌មានផ្សេងៗ ដើម្បីយកទៅអនុវត្ត នៅក្នុងសហគ្រាស របស់ខ្លួនផ្ទាល់។

ក្រោយបិទវគ្គបណ្តុះបណ្តាល លោក ឈុន សារុំ ក៏បានផ្តល់ជូន វិញ្ញាប័នបត្រ បញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា” ជូនដល់សិក្ខាកាមទាំងអស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង