លោក សេង សារី ផ្ញើសារឆ្លើយតប សម្តេចតេជោ ករណីបែកធ្លាយសារសំឡេង និងការធ្វើចារកម្ម

ខ្លឹមសារទាំងស្រុង របស់លោក សេង សារី

“ជូនចំពោះ ពុកជាទីគោរព!
ឥឡូវនេះ ពុកបានសារភាពហេីយថា​ ពុកជាអ្នកបញ្ចេញសារសំលេងនេះ​។​ ពុកកំទេចខ្ញុំ ចោល​បានសម្រេចហេីយ។ ខ្ញុំដឹងមុនថា ថ្ងៃណាមួយពុក នឹងចាត់ការខ្ញុំ តាមវិធីនេះ។

ពុកដឹងទេ​ ក្រោយពីពុកគម្រាម​ និងសម្លុតខ្ញុំ នៅថ្ងៃសម្ពោធស្តាតមរតកតេជោ​ តែមួយម៉ោងប៉ុណ្ណោះ​ មានមនុស្ស របស់ពុក​ ៤នាក់ មកតាមចាប់ខ្ញុំនៅបាងកក​ តែសំណាងណាស់ខ្ញុំដឹងខ្លួនទាន់​ ខ្ញុំចង់ប្រាប់ពុកថា​ ខ្ញុំ ភ័យណាស់​។

ប៉ុន្មានថ្ងៃក្រោយមក ពុកតេមកខ្ញុំ​ យេីងនិយាយគ្នា បានច្រេីនណាស់​ ហេីយពេលនោះ ខ្ញុំគិតក្នុងចិត្ត​ថា​ ពុកគឺជាមនុស្សម្នាក់ ដែលពូកែនិយាយ​ និងបញ្ចុះបញ្ចូលខ្លាំងណាស់ ក្នុងចំណោមមនុស្សដែលខ្ញុំ បានជួប។ ពីរបីថ្ងៃក្រោយមកពុក បានស្នេីរឲ្យទៅធ្វេីជារដ្ឋមន្រ្តី អបប្រតិភូនាយករដ្ឋមន្រ្តី​ តែខ្ញុំបដិសេដ​។ បន្ទាប់មក ពុកនិយាយថា​ ពុកចង់ជួយបង់ផ្តាច់ ថ្លៃធានាគារ​ ជំពាក់ថ្លៃផ្ទះឲ្យ។ ពេលនោះ ខ្ញុំចង់បដិសេធណាស់​ តែក្នុងចិត្តខ្ញុំបារម្ភថា​ បេីមិនខ្ញុំបដិសេធ មិនយកលុយពុកម្តងទៀត​ គឺស្មេីនឹងប្រឆាំងពុក​ ខណៈដែលប្រពន្ធកូនខ្ញុំ កំពុងរស់នៅក្នុងស្រុកទាំងអស់​។

ខ្ញុំ​ មិនចោទពុកថា​ នឹងធ្វេីបាបគ្រួសារខ្ញុំទេ​ តែខ្ញុំខ្លាចពុក​ ព្រោះបទពិសោធន៍កន្លងមក​ ស្អី ក៏ពុកហ៊ានធ្វេីដែរ។ បន្ទាប់មកពុក បន្តផ្តល់ថវិកា ឲ្យខ្ញុំសម្រាប់សិក្សាស្រាវជ្រាវ មួយខែមួយម៉ឺនដុល្លារ​ សរុប​ ១២ខែ​ ថវិកាទាំងនោះ​ មួយភាគធំ ខ្ញុំប្រេីសម្រាប់សិក្សាស្រាវជ្រាវ​ ដែលចំណាយលេីក្រុមអ្នកប្រមូលទិន្នន័យ​ និងចំណាយសម្រាប់មន្រ្តីស្រាវជ្រាវ ពីររូបទៀត ជាជនជាតិថៃ​។

ពុក! ទោះបី ពុកចាត់ទុកខ្ញុំ ជាអ្នកបឹក្សាយោបល់ក៏ដោយ​ តែក្នុងចិត្តខ្ញុំ មានអារម្មណ៍ថា​ ខ្ញុំកំពុងផុង​ ក្នុងអន្ទាក់ចារកម្ម របស់ពុក។ ខ្ញុំ​ព្យាយាមរកវិធីដេីរចេញពីអន្ទាក់ចារកម្ម របស់ពុក​ច្រេីនដងណាស់​ ដោយផ្តួចផ្តេីមចង់បង្កេីត គណបក្សនយោបាយ​ ដែលមានពុក បានឧបត្ថម្ភលុយ​ផង​ និងការទៅសហរដ្ឋអាមេរិក ដេីម្បីអាចជួបផ្ទាល់ជាមួយ មេដឹកនាំប្រឆាំង​ ដេីម្បីមានឱកាសប្រាប់រឿងរ៉ាវ រវាងខ្ញុំ​ និងពុកផង។​ មានមិត្តភ័ក្ក្រ បានប្រាប់ថា ចង់ជួបនិយាយរឿងសំខាន់ជា​មួយ សម​ រង្សុី​ គួរតាមរយ: ប៊ុត​ ប៊ុនតិញ​ ព្រោះលោក​ សម​ រង្សី​ គោរពលោកណាស់​ តែខ្ញុំ បានជួបផ្ទាល់ហេីយ ខ្ញុំ ក៏ដូរចិត្តវិញ​។ ពេលនោះ ខ្ញុំ ក៏បន្តលាក់រឿងនេះទៀត​ ដោយរង់ចាំឱកាសថ្មី។ ទោះបីយ៉ាងណាក៏ដោយ មកដល់ពេលនេះ​ ពុកកំទេចខ្ញុំ បានសម្រេចហេីយ​ ហេីយខ្ញុំ ក៏មិនដឹងថា ហេតុអ្វីពុក សម្រេចចិត្តធ្វេីបែបនេះដែរ​។

ចង់ជម្រាបជូនពុកថា​ ចំនួនលុយដែលពុក ឲ្យខ្ញុំ​ មិនអាចប្រៀបធៀបជាមួយកេរ្ត៍ឈ្មោះ ដែលខ្ញុំបានប្រឹងសាងមកទាំងភ័យ​ ទាំងខ្លាច​ រយៈពេល​ ១០ឆ្នាំ ចុងក្រោយនេះបានទេ។ តែថ្ងៃនេះ យ៉ាងហោចណាស់ ខ្ញុំបានទទួលសេរីភាពពេញលេញ ហេីយ​ ខ្ញុំលែងមានអារម្មណ៍ ជាប់អាណានិគម ពុកទៀតហេីយ។
ចាប់នេះតទៅ ខ្ញុំសូមប្រកាស មិនធ្វេីជាអ្នកបឹក្សាយោល់ ជូនពុកទៀតទេ​។ តែខ្ញុំ នៅសុំហៅពុក ថាពុក​ ព្រោះ​ពុកជាមនុស្សទីមួយហេីយ ដែលខ្ញុំហៅថាពុក​ បន្ទាប់ពីឪពុកបង្កេីត របស់ខ្ញុំ។
បេីខ្ញុំមានឱកាស ត្រឡប់ចូលវិស័យនយោបាយវិញ​ ខ្ញុំ នឹងប្រឹងប្រកួតនយោបាយ ជាមួយពុក​ ហេីយបេីមិនឈ្នះពុក​ទេ​ កូនប្រុស របស់ពុក ដែលជានាយករដ្ឋមន្រ្តីបច្ខុប្បន្ន​ និងក្លាយជាមនុស្សបន្ទាប់ពីពុក។
អរគុណពុក ចំពោះចិត្តសណ្តោសរបស់ពុក​ ហេីយមេរៀនជីវិត​ និងមេរៀននយោបាយ ដែលពុកបានបង្រៀន ខ្ញុំពេលនេះ ខ្ញុំនឹងចងចាំទុក​ក្នុងចិត្ត របស់ខ្ញុំ ជារៀងរហូត។
ដោយក្តីគោរពពីចំងាយ​ ពុក!
ពីកូន​ សេង​ សារី

សារបន្ទាប់ ៖

គោរព​ជម្រាបសួរ​ពុក!
សូមមេត្តាពុក បង្ហោះសារសន្ទនារវាងពុក ហេីយនិងខ្ញុំ ឲ្យបានកាន់តែឆាប់កាន់តែល្អ​។ មកដល់ពេលនេះ​ គ្មានអ្វី ដែលត្រូវលាក់កំបាំងទៀតនេះទេ​ ហេីយខ្ញុំ ក៏គ្មានអ្វី ដែលត្រូវខាតបង់លេីសពីនេះ ទៀតដែរ។ ក្រោយពីពុក បង្ហោះហេីយ​ សង្ឃឹមថា សារសន្ទនានេះ​ នឹងក្លាយជាមេរៀនសម្រាប់មនុស្សជំនាន់ថ្មី ដេីម្បីសិក្សារៀនសូត្រ អំពីបច្ចេកទេស​ និងសិលធម៌ នៃការសន្ទនា​ ដែលអាចជាមេរៀន ជួយការពារពួកគេ ឲ្យគេចពីការធ្លាក់ចូលអន្ទាក់ចារកម្ម​ បានផងដែរ។

ខ្ញុំទទួលស្គាល់ថា ខ្ញុំគ្មានសារសន្ទនាពេញតាំងពីឆ្នាំ​២០២១​ រហូតដល់បច្ចុប្បន្នទេ​។ ទី១​ ដោយសារមិនទម្លាប់ដូរលេខតេឡេក្រាម​ ដូចពុក​ ទី២​ ខ្ញុំមិនទម្លាប់ថត​ និងបញ្ចេញសារសន្ទនា រវាងបុគ្គលពីរ​នាក់ ទឲ្យទៅបុគ្គលទី​៣ ដឹងនោះទេ។ ខ្ញុំ អាចរាងព្រហេីនបន្តិច ក្នុងការដេីរឆ្លងបន្ទាត់ក្រហម របស់ពុក​ ប៉ុន្តែខ្ញុំមិនអាចដេីរឆ្លងបន្ទាត់ក្រហម ដែលជា សិលធម៌មូលដ្ឋានបានឡេីយ។

ពុកដឹងទេ​ នៅពេលពុក បញ្ចេញសារ​ ក្នុងចេតនាកំទេច ខ្ញុំ​ហេីយ​ តែខ្ញុំ បន្តនៅហៅពុក​ ថាពុកពេញៗមាត់​ មានមនុស្សច្រេីនណាស់ ជេរប្រមាថខ្ញុំថា​ គេធ្វេីបាបខ្លួនប៉ុណ្ណឹងហេីយនៅហៅពុកទៀត? តែខ្ញុំ មិនខ្វល់ទេ​ ខ្ញុំនឹងបន្តហៅពុក រហូត​ដល់ថ្ងៃខ្ញុំស្លាប់​ សម្រាប់ខ្ញុំ​ ពុកមួយថ្ងៃ គឺពុកមួយជីវិត។

ខ្ញុំ​ សូមប្រកាសជំហរ ខ្ញុំម្តងទៀត​ថា​ នៅពេលដែលខ្ញុំ មានឱកាស​ អាចកសាងកេរ្ត៍ឈ្មោះ មកវិញ​បាន​ អាចកសាងកំលាំងនយោបាយបាន​ ពុកនៅតែជាសត្រូវនយោបាយ ទីមួយខ្ញុំ។

ពីកូន​ សេង​ សារី

អត្ថបទដែលជាប់ទាក់ទង