សមត្ថកិច្ច ចាប់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូនជួញដូរគ្រឿងញៀន ឆ្លងដែន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយចាប់ខ្លួនជនជាតិចិន ០១នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០គីឡូក្រាម នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ, លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង, លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩) និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី លោក ទី សុវិនថាល, លោក ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប នៅចំណុចខាងលើ។
ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន។
ចំណែកវត្ថុតាងចាប់យកបាន រួមមាន ៖
- កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម
- រថយន្ត ០១គ្រឿង
– ទូរសព្ទដៃ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារ តាមនីតិវិធី៕