ពលរដ្ឋរស់នៅឆ្ងាយពីទីប្រជុំជន ស្នើលោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បង្ហាញគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ មួយចំនួន រស់នៅតាមភូមិឃុំ មានទីតាំងឆ្ងាយពីទីប្រជុំជន នៃស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា បានស្នើដល់ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បង្ហាញពីគម្រោងអភិវឌ្ឍន៍មូលដ្ឋានថ្មី របស់មន្ទីរ សម្រាប់ឆ្នាំ២០២៣នេះ ដើម្បីឲ្យពួកគាត់ ប្រាកដថា គម្រោងអភិវឌ្ឍន៍ថ្មី របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ឆ្នាំនេះ មានទៅដល់មូលដ្ឋាន ដែលពួកគាត់ កំពុងរស់នៅនៅដែរឬយ៉ាងណា?។
ពលរដ្ឋទាំងនោះ និយាយថា អ្វីដែលពួកគាត់ចង់បាន នៅរដូវប្រាំងនេះ គឺអណ្តូងទឹកស្អាត និងផ្លូវលំ សម្រាប់ការធ្វើដំណើរ ក្នុងភូមិ របស់ពួកគាត់ ឲ្យបានប្រសើរជាងឆ្នាំមុនៗ..។
យ៉ាងណាក៏ដោយចុះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ តាមប្រព័ន្ធ Telegram ដើម្បីបំភ្លឺពីកង្វល់ ក៏ដូចជាសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅតាមបណ្តាភូមិឃុំមួយចំនួន នៃស្រុកព្រៃនប់ និងស្រុកកំពង់សិលា បាននៅឡើយទេ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ។
នៅដើមខែមករា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋមួយចំនួន ដែលលំនៅដ្ឋាន របស់ពួកគាត់ រស់នៅឆ្ងាយពីទីប្រជុំជន នៃបណ្តាស្រុកមួយចំនួន ក្នុងខេត្តព្រះសីហនុ ដោយពួកគាត់ ចង់ដឹងពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៣ ប៉ុន្តែពួកគាត់ មិនដឹងថា ត្រូវទាក់ទងទៅ មន្ត្រីរូបណានោះទេ ដើម្បីទទួលបានព័ត៌មានជាក់ច្បាស់ គឺមានតែផ្តល់សម្ភាស ឬសួរតាមប្រព័ន្ធផ្សព្វផ្សាយ កាសែតតែប៉ុណ្ណោះ ក្រែងបានឮដល់ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធទាំងនោះ..។
យ៉ាងណាក្តី លោក ប្រាក់ សុវណ្ណ ក៏ធ្លាប់ទទួលរងការិះគន់ពី អ្នកកាសែត នៅតាមអង្គភាពសារព័ត៌មានមួយចំនួន ដោយអះអាងថា រូបលោក តែងបដិសេធ មិនសហការណ៍ផ្តល់របាយការណ៍ស្តីអំពីគម្រោងអភិវឌ្ឍន៍ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ នោះទេនាពេលកន្លងមក។
ជាងទៀត ក្រុមប្រជាពលរដ្ឋ ដែលលំដ្ឋានរបស់គាត់ នៅឆ្ងាយពីផ្លូវក្រាលកៅស៊ូ ឬទីប្រជុំជនទាំងនោះ បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ ជាពិសេស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើជួយអភិវឌ្ឃន៍ផ្លូវលំ នៅតាមភូមិ និងអណ្តូងទឹកស្អាត ឬអណ្តូងស្នប់ ជូនពួកគាត់ ឲ្យបានច្រើនថែមទៀត នារដូវប្រាំង ឆ្នាំ២០២៣នេះ។
ទោះបែបនេះក្តី មន្ត្រីនៅតាមមូលដ្ឋានឃុំមួយចំនួន នៃស្រុកព្រៃនប់ និងស្រុកកំពង់សិលា បានឲ្យដឹងថា កន្លងមកនេះ មានអណ្តូងទឹកស្អាត និងផ្លូវលំជនបទមួយចំនួន ដែលជាគម្រោង របស់មន្ទីរអភិវឌ្ឍន៍ជនបទ ឬរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើង និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបន្តបន្ទាប់រួចហើយៗ កន្លែងខ្លះទៀត ក៏កំពុងបន្តអភិវឌ្ឍន៍ ប៉ុន្តែមិនមានតួលេខជាក់ច្បាស់ ពីគម្រោងអភិវឌ្ឍន៍ទាំងនោះទេ៕